ខេត្តតាកែវ៖ អគ្គិភ័យឆេះផ្សារត្រាំកក់ ឆេះអស់ចំនួន៥០តូប ដោយសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ១៤គ្រឿង

ខេត្តតាកែវ៖ នៅយប់ថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៨ និង២០នាទីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោយពីទទួលបានព័ត៌មានស្តីពីករណីអគ្គិភ័យឆាបឆេះផ្សារត្រាំកក់ភ្លាមលោកស្នងការ បានបញ្ជាដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញបង្ការពន្លត់ និងសង្រ្គោះអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងកម្លាំងពាក់ព័ន្ធចុះជួយពន្លត់អគ្គិភ័យដែលឆាបឆេះផ្សារត្រាំកក់ ស្ថិតនៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងកិច្ចប្រតិបត្តិការជួយសង្រ្គោះនោះដែរលោកស្នងការ ប្រើប្រាស់ឡានទឹកស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន០៣ គ្រឿង ស្រុកត្រាំកក់០១គ្រឿង ស្រុកទ្រាំង០១គ្រឿង ស្រុកសំរោង០១គ្រឿង ស្រុកបាទី០១គ្រឿង ស្រុកអង្គរបុរី០១គ្រឿង ស្រុកព្រៃកប្បាស០១គ្រឿង ស្រុកកោះអណ្តែត០១គ្រឿង ស្រុកគិរីវង់០១គ្រឿង អធិការដ្ឋាននគរបាលស្រុកអង្គរជ័យ ០១គ្រឿង ស្រុកឈូក០១គ្រឿង នៃស្នងការដ្ឋាននគរបាលខេត្តកំពត អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ០១គ្រឿងសរុបឡានទឹកចំនួន១៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៨ឡានទើបគ្រប់គ្រងស្ថានការបាន។ តូបដែលអគ្គិភ័យលេបត្របាក់ឆេះអស់ចំនួន៥០ តូបខូចខាតសម្ភារៈទាំងស្រុងចំនួន៣៥តូប ខូចខាតតិចទូចចំនួន១៥តូប(មិនទាន់គិតវាយតម្លៃជាសាច់ប្រាក់បាន និងមិនបណ្តាលឲ្យមានរងរបួសដល់មនុស្សឡើយ) សូមប​ញ្ជាក់ថាៈ មូលហេតុដែលបណ្ដាយអោយឆេះគឺមកពីផ្ទុះសេខ្សែភ្លេឺងតូបក្នុងផ្សារ៕