រដ្ឋាភិបាល​​ក្រៅផ្លូវការ ​ប្រកាស​បង្កើត ​« កងកម្លាំង »​​ ដើម្បី​​ប្រឆាំង​នឹង​របប​យោធា​មីយ៉ាន់ម៉ា​

រដ្ឋាភិបាល​ឯកភាព​ជាតិ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​ប្រឆាំង​នឹង​របប​យោធា​នោះ​ បាននិយាយ​នៅ​ថ្ងៃ​ពុធ​ថា​ ខ្លួន​បាន​បង្កើត​នូវកងកម្លាំង​មួយ​ឈ្មោះ​ថា «កង​កម្លាំង​ការពារ​របស់​ប្រជាជន» ដើម្បី​ការពារអ្នក​គាំទ្រ​របស់​ខ្លួន​ពី​ការ​វាយ​ប្រហារ​និងអំពើ​ហិង្សាដោយ​របប​យោធា​នោះ។​ នេះ​បើតាម​សេចក្តីរាយការណ៍​របស់ទី​ភ្នាក់​ងារ​ព័ត៌មាន Reuters។ ​

ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​រដ្ឋ​ប្រហារ​យោធា​កាល​ពី​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​ ដែល​បាន​ទម្លាក់​រដ្ឋាភិបាលជាប់​ឆ្នោត​របស់​អ្នក​ស្រី Aung San Suu Kyi មក​ ពលរដ្ឋ​បាន​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​ជា​រៀង​រាល់​ថ្ងៃ ប្រឆាំង​នឹង​របប​សឹក​យោធា​នៅ​ក្នុង​ប្រទេសមីយ៉ាន់ម៉ា​ និងមាន​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សាដោយ​ក្រុម​សន្តិសុខ​របស់មីយ៉ាន់ម៉ា​ ដែល​បាន​សម្លាប់​ជន​ស៊ីវិល​អស់​ជា​ច្រើន​រយ​នាក់​ក្នុង​ពេល​កន្លង​មក។​

រដ្ឋាភិបាល​ឯកភាព​ជាតិ បាន​គូស​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ កង​កម្លាំង​ថ្មី​នេះ នឹង​ត្រួសត្រាយ​ផ្លូវ​ឱ្យ​មាន​ការ​បង្កើត​ កងទ័ព​សហព័ន្ធ​របស់​សហភាព​[មីយ៉ាន់ម៉ា]​ ដែល​មាន​តួនាទី​ «ធ្វើ​ការ​កែ​ទម្រង់ដោយ​ប្រសិទ្ធិភាព​នៅ​ក្នុង​វិស័យ​សន្តិសុខ​ ដើម្បីលុប​បំបាត់​សង្គ្រាម​ស៊ីវិល​ដែល​មាន​រយៈ​ពេល​៧០​ឆ្នាំ​កន្លង​ទៅ»។

សេក្តី​ថ្លែង​ការណ៍​នេះ​ បន្ថែម​ថា​ កង​កម្លាំង​ការពារ​ថ្មី​នេះ​ មាន​តួនាទីក្នុង​ការ​ឆ្លើយ​តបនឹង​ការ​វាយ​ប្រហារ​របស់​ក្រុម​យោធា​ និង​អំពើ​ហិង្សា​របស់ក្រុមប្រឹក្សា​រដ្ឋបាល​របស់​បណ្តា​រដ្ឋ​មក​លើ​ប្រជាពលរដ្ឋ។​

រដ្ឋាភិបាល​ឯកភាពមីយ៉ាន់ម៉ា​ ដែលត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​មេសា​កន្លង​ទៅ​ដោយ​ក្រុម​ផ្សេងៗ​គ្នា​ដែល​ប្រឆាំង​ទៅ​នឹង​របប​យោធា​នោះ​ បាន​សន្យា​ថា​ នឹង​បញ្ចប់​នូវ​អំពើ​ហិង្សា​ ស្តារ​ឡើង​វិញ​នូវលទ្ធិប្រជា​ធិបតេយ្យ​ និង​បង្កើត​ឡើង​នូវ «សហភាព​ប្រជាធិបតេយ្យបែប​សហព័ន្ធ» មួយ។​

អ្នក​នាំពាក្យ​របប​យោធា ​មិន​បាន​ឆ្លើយ​តបការ​ហៅ​ទូរស័ព្ទ​ដើម្បី​បញ្ជាក់ជុំវិញ​រឿង​នេះ​នោះ​ទេ។​

ហើយរដ្ឋាភិបាល​ឯកភាព​ជាតិ​របស់​ក្រុម​ប្រឆាំង ​ក៏​មិន​បានផ្តល់សេចក្តី​លម្អិត​ ​ថា​តើ​កងកម្លាំង​ថ្មី​នេះ​ អាច​ត្រូវ​បាន​រៀបចំ​ ឬ​បំពាក់​អាវុធ​ដោយ​របៀប​ណា​នោះ​ទេ​ ឬ​ថា​ តើ​ខ្លួន​នឹងព្យាយាម​សម្រេចនូវគោលបំណង​របស់​ខ្លួន​តាម​របៀប​ណានោះ​ដែរ៕​