សហរដ្ឋអាមេរិកគាំទ្រការព្យួរជាបណ្ដោះអាសន្ននូវកម្មសិទ្ធិបញ្ញាវ៉ាក់សាំង COVID-19

 

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីការគាំទ្រសម្រាប់ការលើកលែងកម្មសិទ្ធិបញ្ញា ឬប៉ាតង់វ៉ាក់សាំង COVID-19 ហើយថានឹងចរចាពីបញ្ហានេះជាមួយអង្គការពាណិជ្ជកម្មពិភពលោក WTO ខណៈប្រឈមមុខនឹងការអំពាវនាវកាន់តែច្រើនឡើង។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ អ្នកតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai បាននិយាយថាពិតណាស់ថា សិទ្ធិកម្មសិទ្ធិបញ្ញាសម្រាប់សហគ្រាសនានាគឺជារឿងសំខាន់ តែសហរដ្ឋអាមេរិកគាំទ្រចំពោះការលើកលែងប៉ាតង់វ៉ាក់សាំង COVID-19។ លោកស្រី Tai បន្តថាការសម្រេចចិត្តបែបនេះគឺដោយសារតែសហរដ្ឋអាមេរិកមើលឃើញថា COVID-19 ជាបញ្ហាសុខាភិបាលសកល និងកាលៈទេសៈបន្ទាន់ដែលត្រូវឱ្យមានវិធានការលើកលែងពិសេស។

ប្រទេសឥណ្ឌា និងអាហ្វ្រិកខាងត្បូងបានអំពាវនាវជាច្រើនខែមកហើយឱ្យអង្គការពាណិជ្ជកម្មពិភពលោក WTOព្យួរប៉ាតង់ ឬកម្មសិទ្ធិបញ្ញា COVID-19 ជាបណ្ដោះអាសន្នដើម្បីបង្កើនការផលិតវ៉ាក់សាំងនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍដែលកំពុង ត្រូវការវ៉ាក់សាំងជាចាំបាច់៕

AFP៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១