អ្នកការទូត​កំពូល​របស់លោក​ Joe​ Biden​ ធ្វើ​ទស្សនកិច្ច​​ទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​បង្ហាញ​ការ​គាំទ្រ​បន្ទាប់​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​កងទ័ព​រុ​ស្ស៊ី​

(Reuter)​ ៖​ អ្នកការទូត​កំពូល​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ Joe​ Biden​ ធ្វើ​ទស្សនកិច្ច​ទៅ​ទីក្រុង​ Kyiv​ ដើម្បី​បង្ហាញ​ការ​គាំទ្រ​បន្ទាប់​ពី​ប្រទេស​រុ​ស្ស៊ី​បាន​ប្រមូលផ្តុំ​កងទ័ព​នៅ​ជិត​ព្រំដែន​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​ដោយ​ប្រឈម​មុខ​ដាក់​គ្នា​អស់​រយៈពេល​មួ​យស​ប្តា​ហ៍​ ដែល​ជា​ការ​ប្រកាស​សញ្ញា​អាសន្ន​នៅ​ក្នុង​រដ្ឋធានី​ភាគ​ខាងលិច​ ។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក​លោក​ Antony​ Blinken​ រំពឹង​ថា​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​ Volodymyr​ Zelenskiy​ ដើម្បី​បង្ហាញ​នូវ​សាមគ្គីភាព​ជាមួយនឹង​ការ​អំពាវនាវ​ឲ្យ​អ៊ុយ​ក្រែ​ន​ប្រកាន់ខ្ជាប់​នូវ​មាគ៌ា​នៃ​ការ​កែទម្រង់​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​មន្ត្រី​ថាមពល​កំណែទម្រង់​មួយ​ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង​។​

​លោក​ Biden​ បាន​សន្យា​ផ្តល់​ “​ការ​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​”​ ដល់​លោក​ Zelenskiy​ នៅ​ក្នុង​ខែមេសា​ខណៈ​ដែល​ទីក្រុង​ Kyiv​ និង​ទីក្រុង​ម៉ូ​ស្គូ​បាន​ស្តីបន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​ការ​ប៉ះទង្គិច​គ្នា​នៅ​តំបន់​ Donbass​ ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​ និង​ប្រទេស​រុ​ស្ស៊ី​បាន​ដាក់​ពង្រាយ​កងទ័ព​ និង​អាវុធ​តាម​តំបន់​ព្រំដែន​។​

​ទីក្រុង​ម៉ូ​ស្គូ​បាន​ប្រកាស​ដកទ័ព​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​ ២២​ ខែមេសា​ដោយ​ជួយ​រៀបចំ​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Biden​ និង​ប្រធានាធិបតី​ប្រទេស​រុ​ស្ស៊ី​លោក​ Vladimir​ Putin​ ដែល​អាច​នឹង​កើតឡើង​នៅ​ដើមខែ​មិថុនា​។​

​ការ​ប្រឈម​មុខ​ដាក់​គ្នា​បាន​ជំរុញ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​អំពាវនាវ​ដល់​សហរដ្ឋអាមេរិក​ និង​អឺរ៉ុប​ជួយ​ព​ន្លឿ​ន​ដំណើរការ​បញ្ចូល​ ទីក្រុង​ Kyiv​ ទៅ​ក្នុង​សម្ព័ន្ធភាព​យោធា​របស់​ណា​តូ​។​ លោក​ Blinken​ ក៏​បាន​ពិភាក្សា​អំពី​ការ​បង្កើន​កងទ័ព​របស់​រុ​ស្ស៊ី​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​សម្ព័ន្ធមិត្ត​ណា​តូ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​កាលពី​ខែ​មុន​ផង​ដែរ​ ៕