ក្រុមប្រទេសG7 ចេញ​មុខ​គាំទ្រ​តៃវ៉ាន់ ​ឲ្យបាន​ទទួល​តំណែង​ជា​អ្នក​សង្កេត​ការណ៍​នៅ​ក្នុង​សន្និបាត​សុខភាព​ពិភពលោក (WHA)

ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​៧ ឬហៅកាត់ថា G7 ចេញ​មុខ​គាំទ្រ​តៃវ៉ាន់ ​ឲ្យបាន​ទទួល​តំណែង​ជា​អ្នក​សង្កេត​ការណ៍​នៅ​ក្នុង​សន្និបាត​សុខភាព​ពិភពលោក (WHA) ដែល​ជា​ស្ថាប័ន​ធ្វើ​សេចក្តីសម្រេចលើកិច្ចការរបស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​ឈាន​ទៅរក​ការប្រជុំ​ប្រចាំ​ឆ្នាំ​ នៅថ្ងៃ​ទី ២៤ ខែ​ឧសភា ​ដល់​ថ្ងៃទី ១ ខែ​មិថុនាខាងមុខនេះ។

នេះ​ជា​លើក​ទី ១ ហើយ​ដែល​បណ្ដា​ប្រទេស​ G-7 ទាំងអស់ ​គាំទ្រ​ការ​បញ្ចូល​តៃវ៉ាន់​ទៅ​ក្នុង​សន្និបាត​សុខភាព​ពិភពលោក​នេះ។

បណ្ដាប្រទេស G-7 បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ កាលពីថ្ងៃពុធម្សិលមិញ បន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៅក្នុងទីក្រុងដុងឡ៍ ចក្រភពអង់គ្លេសក្នុងសប្ដាហ៍នេះថា៖

«យើងគាំទ្រការចូលរួមដ៏មានអត្ថន័យរបស់តៃវ៉ាន់នៅក្នុងវេទិកានានារបស់អង្គការសុខភាពពិភពលោក និងសន្និបាតសុខភាពពិភពលោក។ សហគមន៍អន្តរជាតិគួរតែទទួលបានអត្ថប្រយោជន៍ពីបទពិសោធន៍ដែលកើតចេញពីរាល់ដៃគូទាំងអស់ រួមបញ្ចូលទាំងការចូលរួមដ៏ជោគជ័យរបស់តៃវ៉ាន់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩»។

សេចក្តី​ថ្លែងការណ៍​នោះ កើត​មាន​ឡើង​ នៅពេល​ដែល​ចិន​បង្កើន​សកម្មភាព​យោធា ដោយ​បាន​បញ្ជូន​យន្តហោះ​ចូល​ក្នុង​ដែន​អាកាស​របស់​កោះ​តៃវ៉ាន់។

លោក Bonnie Glaser នាយក​កម្មវិធី​សម្រាប់​តំបន់​អាស៊ី​នៅឯ​មូលនិធិ​អាល្លឺម៉ង់ Marshall របស់​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា៖ «ការណ៍​នេះ​មាន​សារៈសំខាន់​បំផុត​ដែល​ប្រទេស​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ បាន​និយាយ​ក្នុង​សំឡេង​តែ​មួយ​ នៅ​ក្នុងឱកាស​ដ៏​សំខាន់ដូចជា G-7 ដើម្បី​បញ្ជាក់​ពីការគាំទ្រ​លើការចូលរួម​របស់​កោះ​តៃវ៉ាន់​នៅ​អង្គការ​សុខភាព​ពិភពលោក​នេះ។

កាលពី​ថ្ងៃ​ច័ន្ទ លោក Zhang Jun ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ បាន​រំឮក​ឡើង​វិញ​ពីការជំទាស់​ប្រឆាំង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុងការអញ្ជើញ​កោះតៃវ៉ាន់​ ឲ្យ​ចូលរួមសន្និបាត​សុខភាព​ពិភពលោក (WHA) នៅ​ចុង​ខែ​នេះ៕