ប្រធានអង្គការ WHO៖ ករណី​ឆ្លង​កូវីដ១៩​ក្នុង​២​សប្តាហ៍​ចុង​ក្រោយ មាន​ច្រើន​ជាង​ចំនួន​ឆ្លង​សរុប​កាលពី​៦ខែដំបូង

ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើង​ក្នុងពេល៩​សប្ដាហ៍​ជាប់​គ្នា ហើយ​ការ​ស្លាប់​កើន​ឡើង​៦​សប្ដាហ៍​ជាប់​គ្នា នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus នាយក​អង្គការ​សុខភាព​ពិភពលោក (WHO) ទៅ​កាន់​រដ្ឋ​ជា​សមាជិកក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។​

លោក​បាន​និយាយ​ថា៖ «ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​សរុប​ ដែល​ត្រូវ​បាន​រាយការណ៍​ទូទាំង​ពិភពលោក ក្នុង​ពេល​ពីរ​សប្ដាហ៍​ចុង​ក្រោយ​នេះ​ មាន​ចំនួន​ច្រើន​ជាង​ករណី​ដែល​បាន​រាយការណ៍​ក្នុង​រយ:ពេល​ ៦​ខែ​ដំបូង​នៃ​ការ​ឆ្លង​រាត​ត្បាត។ ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ប្រទេស​នៅ​ក្នុង​តំបន់នានា​នៃ​អង្គការ​សុខភាព​ពិភពលោក បាន​បង្ហាញ​ពី​និន្នាការ​កើន​ឡើង​នៃ​ករណី​ឆ្លង​ និង​ចំនួន​អ្នក​ស្លាប់។ ឥឡូវ​នេះ​ មិន​មែន​ជា​ពេល​ដែល​យើង​អាចបន្ថយ​ការ​ប្រុង​ប្រយ័ត្ន​នោះ​ទេ ទោះ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ករណី​ឆ្លង​ថយ​ចុះ​ក៏​ដោយ»។

ករណី​ឆ្លង​ជំងឺ​កូវីដ១៩ បន្ត​ផ្ទុះ​ឡើង​នៅ​ទូទំាង​ប្រទេស​ឥណ្ឌា។ នៅ​ថ្ងៃ​សុក្រ​នេះ ​ក្រសួង​សុខាភិបាល​ឥណ្ឌា​បាន​ឲ្យ​ដឹង​ថា ​មាន​ការ​ឆ្លង​ថ្មី​ចំនួន​ជាង ៤១៤.០០០ ករណី ក្នុង​រយ:​ពេល ២៤​ ម៉ោងចុងក្រោយ។

​ដោយ​ឡែក នាយករដ្ឋមន្ត្រី​អូស្ដ្រាលី​ លោក Scott Morrison បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ជនជាតិ​អូស្ត្រាលី​ដែល​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចូល​ប្រទេស​ខ្លួន​វិញ ប្រសិន​ជា​ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌា នឹង​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ថ្ងៃ​ទី១៥ ខែ​ឧសភា។ ក៏​ប៉ុន្តែ​ ជនជាតិ​អូស្ត្រាលី​ដែល​រក​ឃើញ​ថា ​វិជ្ជមាន​ជំងឺ​កូវីដ១៩ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឡើង​យន្តហោះ​ធ្វើ​មាតុភូមិ​និវត្តន៍​ពី​ប្រទេស​ឥណ្ឌា​ទេ។​

ទិន្នន័យ​ពី​សាកលវិទ្យាល័យ Johns Hopkins បាន​ឲ្យដឹង​ថា គិតត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ជាង ១៥៥,៦​លាន​ករណី​ ហើយ​ជំងឺ​រាតត្បាត​នេះ បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង ៣,២​ លាននាក់​ជុំវិញ​ពិភពលោក៕