សកម្មជន​​ដ៏​លេច​ធ្លោ​របស់​ហុងកុង លោក Joshua Wong ត្រូវ​បានកាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ១០ ​ខែ​បន្ថែម​ទៀត

លោក Wong ដែល​មាន​អាយុ ២៤ ​ឆ្នាំ កំពុងត្រូវ​ជាប់​ពន្ធនាគារ​រយ:​ពេល ១៣ ខែ​កន្លះ​រួច​ទៅ​ហើយ ពី​បទ​រៀបចំ​បាតុកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​កាល​ពី​ឆ្នាំ ២០១៩។ លោក​ត្រូវ​បាន​គេ​កាត់​ទោស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ ជាមួយ​សកម្មជន ​៣ ​នាក់​ផ្សេង​ទៀត ​រួម​មាន​លោក Lester Shum កញ្ញា Jannelle Leung និង​កញ្ញា Tiffany Yeun ដែល​ទទួល​ទោស​ជាប់​ពន្ធនាគារ​ពី​ ៤ ខែទៅ ៦ ​ខែ។

លោក Wong ជា​សកម្មជនម្នាក់​ក្នុង​ចំណោម​សកម្មជន​ទាំង ៤៧​ នាក់ ដែល​ត្រូវ​បាន​កាត់​ទោស​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ ពី​បទ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ក្រៅ​ផ្លូវការ កាល​ពី​ខែ​កក្កដា ដើម្បី​ជ្រើស​រើស​បេក្ខជន​ឲ្យ​ឈរ​ឈ្មោះក្នុង​ការ​បោះឆ្នោត​តំណាងរាស្ត្រ។ ការ​បោះឆ្នោត​នោះ​ត្រូវបាន​ពន្យារ​ពេល ដោយ​សារ​ការ​ឆ្លង​រាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩។​

ប្រទេស​ចិន​បាន​ហាមប្រាម​រាល់​ការ​ប្រារព្ធ​ពិធី​ជា​សាធារណ:​ទាក់ទង​នឹង​ការ​បង្ក្រាប​ថ្ងៃ​ទី ៤ ខែ​មិថុនា ឆ្នាំ​ ១៩៨៩ នៅពេល​រថក្រោះ និងយោធា​ចិន បង្ក្រាប​បាតុកម្ម​រាប់​សប្ដាហ៍​ដែល​ដឹកនាំ​ដោយ​សិស្ស​និស្សិត​នៅទីលាន​ Tiananmen ។ ប៉ុន្តែ​ទីក្រុង​ហុងកុង​ជា​ទំនៀមទម្លាប់​តែងតែ​ជួបជុំ​គ្នា​ទ្រង់ទ្រាយ​ធំ ដើម្បី​ធ្វើ​ពីធី​រំឭក​នេះ ដោយ​ប្រើ​ច្បាប់​មូលដ្ឋាន​របស់​ខ្លួន ដែល​ផ្ដល់​ឲ្យ​ទីក្រុង​នេះ​នូវ​សេរីភាព ដែល​ត្រូវ​បាន​ហាមឃាត់​នៅ​ចិន​ដីគោក រួម​ទាំង​សិទ្ធិ​ក្នុង​ការ​ជួបជុំ​គ្នា។

ព្រឹត្តិការណ៍​ ៤ មិថុនា កាល​ពី​ឆ្នាំ​មុន ​ត្រូវ​បាន​ហាមឃាត់​ជា​លើកដំបូង​ដោយ​ប៉ូលិស​ដោយ​បានលើក​ឡើង​ពី​ការ​ភ័យ​ខ្លាច​អំពី​ជំងឺ​រាតត្បាត​កូវីដ១៩ និង​សន្តិសុខ​ បន្ទាប់​ពី​មាន​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ធំ ជារឿយៗ​បានកក្រើក​នៅមជ្ឈមណ្ឌល​ហិរញ្ញវត្ថុមួយ​នេះ​អស់​ពេល​ ៦ ​ខែ​ចុងក្រោយ​នៃ​ឆ្នាំ​ ២០១៩ ៕