អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះពិនិត្យ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងរបស់កងពលតូចអន្តរាគមន៍លេខ១

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង
នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យ ក្រុមគ្រូពេទ្យរបស់កងពលតូចអន្តរាគមន៍លេខ១ សម្រាប់ប្រតិបត្តិការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ តាមផែនការរបស់ប្រមុខរដ្ឋាភិបាល សម្តេចតេជោ នាយករដ្ឋមន្ត្រី និងបទបញ្ជាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ គឺត្រូវបើកយុទ្ធនាការចាក់នៅខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី៧ ខែឧសភានេះតែម្តងដើម្បីទប់ស្កាត់មិនឲ្យមានការរីករាលដាលជំងឺកូវីដ-១៩ បន្តទៀត ។
សូមរំលឹកជូនថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែឧសភា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្នុងខណ្ឌចំនួន៤ មានខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំពូល និងខណ្ឌពោធិ៍សែនជ័យ។
យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា បានបញ្ជាក់ថា ប្រតិបត្តិការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ដែលជាតំបន់ប្រឈមការរីករាលដាលជំងឺកូវីដ-១៩នោះ គឺចាក់រហូតអស់ប្រជាពលរដ្ឋ បើចាក់មិនអស់ គឺមិនដកថយជាដាច់ខាត៕
Facebook Notice for EU! You need to login to view and post FB Comments!