អាជីវករផ្សារក្រោម ក្រុងសៀមរាប ម្នាក់ ត្រូវតុលាការចោទពីបទគេចវេះពីការធ្វើចត្តាឡីស័ក និងចម្លងទៅអ្នកដទៃ !

 

កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ សាលាដំបូងខេត្តសៀមរាប បានចេញដីការបង្គាប់ឱ្យឃុំខ្លួនបុរសវ័យ ២២ឆ្នាំម្នាក់ ជាអាជីវករ ស្ថិតនៅផ្សារក្រោម ភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប នៅពន្ធនាគារខេត្តសៀមរាប បន្ទាប់ពីជនត្រូវបានចោទថាបានគេចវេះពីការធ្វើចត្តាឡីស័ក កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដែលជាបទល្មើសព្រហ្មទណ្ឌ មានចែងឱ្យផ្តន្ទាទោស តាមច្បាប់បញ្ញត្តិ មាត្រា៧ នៃច្បាប់ស្តីពីការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ។
តាមអង្គហេតុ របស់សមត្ថកិច្ច បង្ហាញថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មាន សម្រេចបិទហាងកាហ្វេលឹង្គ១០០០ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញមានអ្នកវិជ្ជមានកូវីដ-១៩។ ជាមួយនោះ អាជ្ញាធរខេត្តបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលបានទទួលសេវានៅទីតាំងលក់កាហ្វេនោះ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ត្រូវរួសរាន់មកផ្ដល់សំណាករកមេរោគកូវីដ-១៩ នៅសាលាគរុកោសល្យខេត្ត និងធ្វើចត្តាឡីស័កតាមការណែនាំរបស់គ្រូពេទ្យ ហើយក៏មានជនខាងលើនោះម្នាក់ផងដែរ។
សមត្ថកិច្ច បញ្ជាក់ថា៖ ក្នុងនោះ ជនត្រូវចោទឈ្មោះ អុឹង ថៃលី ធ្លាប់បានចេញចូលហាងកាហ្វេនេះ និងបានដឹងថា មិត្តរបស់ខ្លួន មានវិជ្ជមានកូវីដ-១៩ ក៏បុគ្គលរូបនេះ នៅបន្តលក់ដូរជាធម្មតា និងទៅកន្លែងដទៃផ្សេងៗទៀត។ លុះដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ទើបក្រុមការងារស្រាវជ្រាវរកឃើញ និងបញ្ជូនទៅធ្វើតេស្តសំណាក និងធ្វើចត្តាឡីស័កនៅសាលាគរុកោសល្យខេត្ត និងវិជ្ជមានកូវីដ-១៩ នៅពីរថ្ងៃបន្ទាប់។ ការគេចវេះមិនធ្វើចត្តាឡីស័ករបស់ជនត្រូវចោទឈ្មោះ អុឹង ថៃលី បានចម្លងជំងឺកូវីដ-១៩ ទៅអាជីវករលក់ដូរនៅផ្សារក្រោម ចំនួន០៧នាក់ផ្សេងទៀតផងដែរ។
បន្ទាប់ពីព្យាបាលជាសះស្បើយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យអនុញ្ញាតឱ្យឈ្មោះ អុឹង ថៃលី ត្រឡប់ទៅផ្ទះធ្វើចត្តាឡីស័កបន្ត និងត្រូវធ្វើវិភាគវត្ថុសំណាកម្តងទៀត នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ ក្រោយពីទទួលបានលទ្ធផលអវិជ្ជមាន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប តាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរ៕
អត្ថបទ និងរូបភាព៖ លោកងិន គឹមឡេង កែសម្រួលដោយ៖ លោកសេង ផល្លី!!! ។
Facebook Notice for EU! You need to login to view and post FB Comments!