ឥណ្ឌា៖ មន្ទីរ​ពេទ្យ​​ចាល់​ណែន​ ការស្វែងរកកន្លែង​​សម្រាក​ព្យាបាលអ្នក​ជំងឺកូវីដ​១៩​ បានក្លាយ​ជា​ជំនួញផ្លូវ​ងងឹត

ជាសរុប​ ឥណ្ឌា​មាន​អ្នកឆ្លង​កូវីដ​១៩​ជាង​២១,៩លាន​នាក់ ស្លាប់​២៣៨២៧០នាក់​។ បើ​តាមអ្នក​ជំនាញ​ ចំនួន​អ្នក​ស្លាប់​និង​អ្នក​ឆ្លង​ថ្មី បន្ត​កើន​ឡើង​ជា​ច្រើន​សប្តាហ៍​ទៀត។ ថ្វី​បើ​អន្តរជាតិខ្នះខ្នែង​ផ្តល់​ជំនួយ​ជា​បន្ត​បន្ទាប់​យ៉ាង​ណា​ក៏​ក្តី ក៏​អ្នក​ជំងឺ​កូវីដ​១៩​បន្ត​ស្លាប់​តគ្នា​នៅរដឹក​នៅ​មុខ​មន្ទីរពេទ្យ ដែល​ចាល់ណែន គ្មាន​សមត្ថភាព​ទទួល​អ្នក​ជំងឺ​បានទៀត។

គ្រប់​មន្ទីរ​ពេទ្យ​មិន​ថា​នៅ​រដ្ឋធានី ឬ​នៅ​តាម​ក្រុងធំ​​តូចៗ​ទេ សុទ្ធ​តែ​ចាល់​ណែន​ទាំង​អស់។ ​ក្រុង​បង់ហ្កាឡរ ភាគ​ខាងត្បូង​ប្រទេស រាប់​ឃើញ​មាន​អ្នកវិជ្ជមានកូវីដ​ដល់​ទៅ ៣៥ម៉ឺននាក់ ទល់​នឹង​១០ម៉ឺននាក់​នៅ​​រដ្ឋ​ធានី​ញូវដេលី ឬ ៥ម៉ឺន​នាក់ ​ក្រុង​សេដ្ឋកិច្ច​ប៊ុមបេ។​ ដើម្បី​​ជួយ​សម្រួល​មន្ទីរពេទ្យដែល​ចាល់​​ស្រាប់​ទៅ​ហើយ​នោះ សាលាក្រុង​បាន​បង្កើត​ក្រុមការងារ​ទទួល​បន្ទុក​ចាត់ចែង​ និង​បែង​ចែក​គ្រែទំនេរ​ទទួលអ្នក​ជំងឺថ្មី។

ប៉ុន្តែ​សេវា​រដ្ឋ​ឥតគិត​ថ្លៃ​នេះ ត្រូវ​បាន​ពង្វាង​និងក្លាយ​ជា​ជំនួញ​ជំរិត​ទារលុយ​ពី​គ្រួសារ​អ្នក​ជំងឺកំពុង​មាន​អាសន្ន​​ទៅ​វិញ។ បើតាម​គណបក្សប្រឆាំងឥណ្ឌា បាន​ចូល​ដេក​ពេទ្យ មិន​មែន​អាស្រ័យ​ទៅ​ស្ថានភាពជំងឺ​ទេ គឺអាស្រ័យ​ទៅ​លើ​ថា​តើ​អ្នក​មាន​លុយឬ​មាន​ខ្សែ​បក្សពួក​នយោបាយ​ឬ​អត់។ ដើម្បី​បាន​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ គ្រួសារ​ខ្លះ ត្រូវ​បង់​ដល់​ទៅ ១៣០០​អឺរ៉ូ ! ជា​ទឹក​ប្រាក់​ដ៏​មហាសាល​ខ្លាំង​ណាស់​សម្រាប់​ឥណ្ឌាដែល​មាន​ប្រាក់​ខែ​អប្បបរិមា​២អឺរ៉ូ​ក្នុង​មួយ​ថ្ងៃនោះ។

​ក្រុង​បង់ហ្កាឡរ កំពុង​បើក​អង្កេត​ជុំ​វិញ​ព័ត៌មាន​ដែល​ក្លាយ​ជារឿង​អាស្រូវដ៏​ធំ​។ សមាជិក​សភា​បក្សកាន់​អំណាច បាន​ឱ្យ​ឈ្មោះ​តែ​ជន​ណា​កាន់​សាសនា​អ៊ីស្លាម​​ប៉ុណ្ណោះ នៅ​ក្នុង​ចំណោម​​ អ្នក​រដ្ឋការក្នុង​ក្រុម​ការងារ​​ទាំង​​១៤០​នាក់​ ដោយ​ពន្យល់​ថា មិនមែន​ក្រុមការងារ​ដោះស្រាយវិបត្តិ​ទេ តែ​បណ្តុំ​​អ្នកអ៊ីស្លាម​និយម។ ជា​សរុប​ មានមនុស្ស​បួន​នាក់​ត្រូវ​ចាប់​ខ្លួន កាលពី​ថ្ងៃ​សុក្រទី ៧​ឧសភា។

តាមការ​ពិតការ​ឆ្លៀត​ឱកាស​ជំរិត​ទារ​លុយ​ក្នុងពេល​​មាន​វិបត្តិកូវីដ​នេះ ​មិន​មែន​មានជា​ករណី​ទោល​​នៅ​ក្រុង​បង់ហ្កាឡរ​តែមួយទេ។ នៅ​ក្រុង​ញូវដេលី វេជ្ជបណ្ឌិត​ម្នាក់ទើប​​​​ត្រូវ​ចាប់​ខ្លួន​ដែរ​ បន្ទាប់​ពី​បាន​ទារប្រាក់​ដល់ជាង​​១៣០០​អឺរ៉ូ សម្រាប់​ថ្លៃ​ដឹក​អ្នក​ជំងឺតាម​ឡាន​សង្គ្រោះ​ទៅ​មន្ទីរ​ពេទ្យ៕