មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បន្តចុះត្រួតពិនិត្យតាមបណ្តាគោលដៅបិទខ្ទប់តំបន់ក្រហមក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មេីរជើងលេខ៥១ បន្តចុះត្រួតពិនិត្យតាមបណ្តាគោលដៅបិទខ្ទប់តំបន់ក្រហមក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា កងកម្លាំងរបស់កងពល បានចេញបេសកកម្មប្រតិបត្តិការ ចាប់តាំងពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដោយ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន បិទខ្ទប់តំបន់មួយចំនួនក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការឆ្លងរីកជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងៗទៀត តាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត។
ក្រៅពីកម្លាំងឈរជើងបិទខ្ទប់តំបន់មួយចំនួនក្នុងក្រុងប៉ោយប៉ែត កងម្លាំងកងពលមួយចំនួនទៀតក៏កំពុងឈរជើងពង្រាយនៅតាមបន្ទាត់ព្រំដែន ជិត៥ខែមកហើយចាប់តាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ការលួចឆ្លងព្រំដែនដោយមិនព្រមធ្វើចត្តាឡីស័ក ។
លោកមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជាក់ថា ទោះបីកងកម្លាំងនេះបានចេញបេសកកម្ម ប្រតិបត្តិការ ជាច្រើនខែមកហើយក្តី និងកម្លាំងមួយចំនួន កំពុងឈរជើងក្នុងតំបន់ប្រឈមក៏ដោយ ភារកិច្ចទាំងថ្ងៃទាំងយប់ និងក្រោមដំណក់ទឹកភ្លៀង កងកម្លាំងក៏នៅតែពុះពារគ្រប់ឧបសគ្គ ដើម្បីចូលរួមចំណែកថែរក្សា សុខសុវត្ថិភាពជូន ជាតិមាតុភូមនិងប្រជាជន ទប់ស្កាត់អោយខានតែបាននៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងធ្វើអោយប៉ះពាល់លើគ្រប់វិស័យដល់ប្រទេសកម្ពុជា និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរទាំងមូលផងដែរ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំជំនួសមុខឱ្យកងកម្លាំងទាំងអស់ សូមគោរពថ្លែងអណរគុណជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខកងកម្លាំងជួរមុខគ្រប់ពេលវេលា ក្នុងនោះក៏មានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រួមទាំងអាជ្ញាធរមូលដាន និងសប្បុរសជននានា តែងតែផ្តល់នូវអំណោយ សម្ភារ: គ្រឿងឧបភោគបរិភោគ និងថវិកា លើកទឹកចិត្តដល់កម្លាំងជួរមុខ រួមចំណែកសមរភូមិក្រោយគាំទ្រសមរភូមិមុខ៕
 
Facebook Notice for EU! You need to login to view and post FB Comments!