កីឡាការិនីតេក្វាន់ដូខ្មែរម្នាក់នៅអាម៉េរិក កំពុងបង្កើនការហ្វឹកហាត់ ត្រៀមប្រកួតជម្រុះកៅអីអូឡាំពិកហ្គេម ឆ្នាំ២០២១

កីឡាការិនីតេក្វាន់ដូ (WT) ជម្រើសជាតិកម្ពុជា ថិប កាសាន់ទ្រីនីកូល (Casandre Tubbs) ដែលរស់នៅសហរដ្ឋអាមេរិក កំពុងបង្កើនការហ្វឹកហាត់យ៉ាងខ្លាំងក្លា ដើម្បីត្រៀម ចូលរួមប្រកួតប្រជែងវគ្គជម្រុះប្រចាំទ្វីបអាស៊ីនាខែពាក់កណ្តាលខែឧសភានេះ នៅ ប្រទេសហ្សកដានី (Jordan) ដើម្បីកក់កៅអីឆ្ពោះទៅចូលរួមប្រកួតកីឡាអូឡាំពិកហ្គេម នៅទី ក្រុងតូក្យូ ប្រទេសជប៉ុន នាខែកក្កដា ឆ្នាំ២០២១ ដែលព្រឹត្តិការណ៍ នេះត្រូវបានលើកពេលពី ឆ្នាំ២០២០ ដោយសាវិបត្តិជំងឺកូវីដ-១៩។

អគ្គលេខាធិការ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT លោក ជ្រិន សុធា បញ្ជាក់ថា កីឡាការិនីរូបនេះកំពុងតែប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងជាមួយឪពុករបស់នាង ដែលជា គ្រូបង្វឹកបង្ហាត់កីឡាករតេក្វាន់ដូល្បីៗនៅសហរដ្ឋអាមេរិក។ លោកបន្ថែមថា នេះជាការត្រៀម ខ្លួនដ៏ល្អ សម្រាប់ការចូលរួមប្រកួតជម្រុះកៅអីអូឡាំពិក ដោយកីឡាការិនីរូបនេះស្ថិតនៅ ក្រោមការបណ្តុះបណ្តាលយ៉ាងស្វិតស្វាញជាមួយគ្រូបង្វឹកដ៏ល្បីល្បាញម្នាក់ និងឪពុករបស់ នាង គឺលោក Greg Tubbs ដែលមានបទពិសោធន៍យ៉ាងច្រើន ក្នុងការបណ្តុះបណ្តាល អត្តពលិកតេក្វាន់ដូអាម៉េរិក ដែលទទួលបានជោគជ័យជាច្រើន នាពេលកន្លងមក។

អគ្គលេខាធិការូបនេះសង្កត់ធ្ងន់ថា កម្ពុជាគ្រោងបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន៤នាក់ ចូលរួមការប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូ WT ដោយមានលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក, លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ, កីឡាការិនី ថិប កាសាន់ ទ្រីនីកូល កូនខ្មែររស់នៅសហរដ្ឋអាមេរិក ដែលប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៥៧គីឡូក្រាម និងកីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៨០គីឡូក្រាម។

សូមបញ្ជាក់ថា កីឡាការិនី ថិប កាសាន់ទ្រីនីកូល (Casandre Tubbs) គឺជាម្ចាស់មេ ដាយប្រាក់ កីឡាស៊ីហ្គេម លើកទី៣០ ប្រទេសហ្វីលីពីន កាលពីចុងឆ្នាំ២០១៩ ដែលកាលនោះ នាងប្រកួតលើប្រភេទទម្ងន់ក្រោម៦២គីឡូក្រាម៕ដោយ ហេង ណាលីន