ថៃចាប់ផ្ដើមដើមសប្ដាហ៍ ជាមួយអ្នកជំងឺកូវីដ-១៩ ស្លាប់ ២២នាក់, ឆ្លង ១,៦៣០នាក់,

 

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) បានរាយការណ៍នៅរសៀលថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១នេះថា អ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,៦៣០នាក់បន្ថែមទៀតត្រូវបានរកឃើញ ខណៈអ្នកជំងឺចំនួន ២២នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។

នៅក្នុងចំណោមអ្នកឆ្លងថ្មីៗទាំង ១,៦៣០នាក់ខាងលើ មានតែ ០៨នាក់ប៉ុណ្ណោះ ជាករណីនាំចូលពីបរទេស។ ចំណែកឯ អ្នកដែលបានបាត់បង់ជីវិតខាងលើ មានអាយុចន្លោះពី ៣០-៩២ឆ្នាំ ហើយពួកគេទាំងអស់ត្រូវបានគេរាយការណ៍ថា មានជំងឺរ៉ាំរ៉ៃប្រចាំកាយ។

ក្រោយបូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសថៃកើនដល់ចំនួន ៨៥,០០៥នាក់ ក្នុងនោះមានអ្នកស្លាប់ ៤២១នាក់ និងអ្នកជាសះស្បើយចំនួន ៥៥,២០៨នាក់ ខណៈអ្នកជំងឺចំនួន ២៩,៣៧៦នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៕

Bangkok Post៖ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១