BioNTech មានគម្រោងបើកសាខាបន្ថែមទៀត នៅ​ប្រទេសសិង្ហបុរី

ក្រៅពីគ្រោងបង្កើតទីតាំងសាខាធំ​ប្រចាំតំបន់អាស៊ីអាគ្នេយ៍​ នៅសិង្ហបុរី មន្ទីរពិសោធន៍​​អាល្លឺម៉ង់ BioNTech និងបង្កើតទីតាំងផលិតមួយទៀត នៅសិង្ហបុរី។ ទីតាំងផលិតថ្មី​នេះ នឹងមានសមត្ថភាព ផលិត​សេរ៉ូម ARN​ messager ដែលជាសារធាតុផ្សំដ៏ចាំបាច់​បំផុត សម្រាប់ផលិតចេញ​​ជា​វ៉ាក់សាំង​​ប្រឆាំង​កូវីដ​​១៩។​ ជាមន្ទីរពិសោធន៍ថ្មី​នេះ​ បំពាក់ដោយ​គ្រឿងយន្ត ម៉ាស៊ីនរ៉ូបូ និងមាន​អ្នក​បច្ចេកទេស​ជំនាញខ្ពស់ ចំនួន​ប្រមាណ​៨០នាក់។

លោក ​Ugur Sahin អគ្គនាយកមន្ទីរពិសោធន៍ BioNTech បានលើកឡើងថា វាជារឿងចាំបាច់ និងបន្ទាន់បំផុតនាពេលនេះ ដែលត្រូវតែពង្រីកសមត្ថភាព​ ផលិតវ៉ាក់សាំងនៅតំបន់ផ្សេងទៀត។ ហើយវាក៏ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តរបស់សហគ្រាសផលិតឱសថនេះ ក្នុងការពង្រឹងវត្តមាននៅទូទាំងពិភពលោកផងដែរ​។

សូមបញ្ជាក់ថា មន្ទីរពិសោធន៍ BioNTech គឺជាមន្ទីរពិសោធន៍តូចមួយ នៅក្រុង​Mayence ភាគខាតលិច​អាល្លឺម៉ង់ មានជំនាញផ្នែក Biotechnologie។ BioNTech បានសហការជាមួយ​សហគ្រាស​ផលិតឱសថដ៏ធំរបស់អាមេរិក ឈ្មោះ​​Pfizer ដើម្បីផលិត​វ៉ាក់សាំងប្រឆាំងកូវីដ​១៩ ដោយប្រើបច្ចេកទេស​ ARN​ messager។

ពីដំបូង មតិទូទៅបានសម្តែងការមិនទុកចិត្ត ចំពោះបច្ចេកទេស​ថ្មីនេះ ក៏ប៉ុន្តែឆ្លងកាត់​ការសាកល្បង និងការចាក់ទ្រង់ទ្រាយធំ ប៉ុន្មានខែមកនេះ បាន​ធ្វើឲ្យ​អ្នកជំនាញ​ទទួលស្គាល់ថា វ៉ាក់សាំងប្រភេទ ARN​ messager ពិតជាមានប្រសិទ្ធភាពខ្ពស់ ហើយជាងនេះទៀត គឺមានប្រសិទ្ធភាពល្អ ទល់នឹងកូវីដ​១៩ទំរង់បំប្លែងខ្លួនថ្មី។ យ៉ាងណាមិញ សហភាពអឺរ៉ុប ទើបតែបានប្រកាស ថាគេបាន​ចុះកិច្ចសន្យា​​ទិញ​វ៉ាក់សាំង​ប្រឆាំងកូវីដ​១៩ របស់ Pfizer/BioNTech ចំនួន​១៨០០លានដូសទៀត​។