ក្រុម​បះបោរ​តា​លី​បង់​​ នឹង​អនុ​វត្តបទ​ឈប់​បាញ់​រយៈពេល​ ៣​ ថ្ងៃ​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ Eid​ របស់​សាសនា​អ៊ី​ស្លា​ម​

(Reuter)​ ក្រុម​បះបោរ​តា​លី​បង់​បាន​និយាយ​ថា​ ពួក​គេ​នឹង​អនុ​វត្តបទ​ឈប់​បាញ់​រយៈពេល​ ៣​ ថ្ងៃ​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ Eid​ របស់​សាសនា​អ៊ី​ស្លា​ម​ ដោយ​ចាប់ផ្តើម​នៅ​ស​ប្តា​ហ៍​នេះ​ បន្ទាប់​ពី​មាន​អំពើ​ហឹ​ង្សា​បាន​កើត​ឡើងជា​ច្រើន​ស​ប្តា​ហ៍​ ។​

​អ្នកនាំពាក្យ​ក្រុម​បះបោរ​តា​លី​បង់​លោក​ Mohammad​ Naeem​ បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម​ Twitter​ ថា​ “​ដើម្បី​ឲ្យ​ក្រុម​ Mujahideen​ ផ្តល់​នូវ​បរិយាកាស​សន្តិភាព​ និង​សុវត្ថិភាព​ជា​ថ្មី​ម្តងទៀត​ដល់​ជនរួមជាតិ​របស់​យើង​ក្នុងអំឡុងពេល​ Eid-ul-Fitr​ ដូច្នេះ​ពួក​គេ​អាច​ប្រារព្ធ​ឱកាស​ដ៏​រីករាយ​នេះ​ សមាជិក​ក្រុម​Mujahideen​ ទាំងអស់​ ត្រូវ​បាន​ណែនាំ​ឲ្យ​បញ្ឈប់​រាល់​ប្រតិបត្តិការ​វាយប្រហារ​នានា​”​ ។​

​ពិធីបុណ្យ​ Eid​ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​ ឬ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​នេះ​អាស្រ័យ​លើ​ការ​មើលឃើញ​របស់​ព្រះ​ច័ន្ទ​។​

​ការ​ប្រកាស​ឈប់​បាញ់​គ្នា​បាន​កើតឡើង​ពីរ​ថ្ងៃ​បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ខាងក្រៅ​សាលា​មួយ​នៅ​ភាគ​ខាងលិច​នៃ​រដ្ឋធានី​កា​ប៊ុល​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ៦៨​ នាក់​ដែល​ភាគច្រើន​ជា​សិស្ស​ និង​អ្នក​រង​របួស​ជាង​ ១៦៥​ នាក់​ផ្សេង​ទៀត​។​ គ្មាន​ក្រុម​ណាមួយ​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នេះ​ទេ​។​

​ក្រុម​បះបោរ​តា​លី​បង់​ដែល​កំពុង​ប្រយុទ្ធ​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ចាប់តាំងពី​ពួក​គេ​បាន​បណ្តេញចេញ​ដោយ​កងកម្លាំង​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​នៅ​ចុងឆ្នាំ​ ២០០១​ បាន​បដិសេធ​មិន​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​ និង​ការ​ថ្កោលទោស​ការ​វាយប្រហារ​នេះ​។​ ​ប៉ុន្តែ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយ​ថា​ ក្រុម​នេះ​ស្ថិត​នៅ​ពីក្រោយ​ការ​វាយប្រហារ​នេះ​ ៕