​លោក Moon Jae-in នឹងសន្យា​ចំណាយ​ពេល​ឆ្នាំ​ចុង​ក្រោយនៃ​​តំណែង​របស់​លោក​ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​មាន​សន្តិភាព​ដ៏​យូរ​អង្វែង​នៅ​លើ​ឧបទ្វីប​កូរ៉េ

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Moon Jae-in បាន​សន្យា​ចំណាយ​ពេល​ឆ្នាំ​ចុង​ក្រោយ​នៃ​ការ​កាន់​តំណែង​របស់​លោក​ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​មាន​សន្តិភាព​ដ៏​យូរ​អង្វែង​នៅ​លើ​ឧបទ្វីប​កូរ៉េ។

នៅ​ក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​ទៅកាន់​ប្រជាជាតិ​នៅ​ថ្ងៃ​ចន្ទ​នេះ លោក Moon បាន​បញ្ជាក់​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ថា ឆ្នាំ​នេះ​ដែល​ជា​ឆ្នាំ​ចុង​ក្រោយ​នៃ​អាណត្តិ​ប្រធានាធិបតី​រយៈពេល ៥ ឆ្នាំ​របស់​លោក អាច​ជា «ឱកាស​ចុង​ក្រោយ​នៅ​ក្នុង​ការ​វិវត្ត​ពី​សន្តិភាព​មិន​ពេញលេញ​មួយ​ទៅរក​សន្តិភាព​មួយ​ដែល​មិន​អាច​ប្រែ​ក្រឡាស់​បាន»។

លោក Moon បាន​គាំទ្រ​យុទ្ធសាស្ត្រ​ការទូត «សន្សឹមៗ​ដែល​មាន​លក្ខណៈ​ប្រាកដ​និយម​និង​អាច​បត់បែន​បាន» របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅ​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​ការ​លុប​បំបាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាងជើង។

ក្រុម​គោល​នយោបាយ​ការបរទេស​របស់​លោក Biden បាន​បញ្ចប់​ការ​ពិនិត្យ​ឡើង​វិញ​នូវ​បញ្ហា​ជាប់​គាំង​ជាមួយ​កូរ៉េ​ខាងជើង និង​បាន​ផ្តល់​សញ្ញា​ថា វា​នឹង​អាស្រ័យ​លើ​វិធានការ​ជា​បន្ត​នានា​នៅ​ក្នុង​ការ​បញ្ចុះបញ្ចូល​កូរ៉េ​ខាងជើង​ឲ្យ​លះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​និង​គ្រាប់​ផ្លោង​មីស៊ីល​របស់​ខ្លួន។

លោក Moon បាន​បញ្ជាក់​ថា គោល​បំណង​របស់​លោក​សម្រាប់​ជំនួប​ជាមួយ​លោក Biden នៅ​ថ្ងៃ​ទី ២១ ខែ​ឧសភា​ខាង​មុខ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន គឺ​ដើម្បី «ស្ដារ​ឡើង​វិញ​នូវ​ការ​ចរចា​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ និង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េ​ខាងជើង»៕