អាជ្ញាធរនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានទទួលបានបុរាណវត្ថុពីព្រះសង្ឃគង់នៅវត្តរួតចំប៉ី

នាថ្ងៃចន្ទ ១៤ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានដឹកនាំមន្រ្តីការិយាល័យបេតិកភណ្ឌ ចុះធ្វើការប្រគល់ និងទទួលបុរាណវត្ថុចំនួន ៦ ដុំ/រូប ពីព្រះសង្ឃគង់នៅវត្តរួតចំប៉ី ដើម្បីយកមកថែរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិយើងទាំងអស់គ្នា។ នៅក្នុងការប្រគល់ និងទទួលបុរាណវត្ថុនេះគឺមានការសហការ ជាមួយនគរបាលការពារបេតិកភណ្ឌខេត្ត មន្រ្តីរដ្ឋបាលក្រុងសំរោង លោកចៅសង្កាត់អូរស្មាច់ លោកមេប៉ុស្តិ៍ មេភូមិ រួតចំប៉ី ហើយនិងប្រជាការពារ ភូមិផងដែរ។
ជាមួយគ្នានេះដែរក៏បានចុះពិនិត្យ និងចុះបញ្ជីសារពើរភ័ណ្ឌធ្វើសលាកបត្របុរាណវត្ថុចំនួន ១០ ដុំ/រូប នៅវត្តគីរីមង្គល (វត្តអូរស្មាច់) និងបានធ្វើលិខិតការធានារក្សាទុកបុរាណវត្ថុ ជាមួយចៅអធិការវត្ត ដែលធានាការរក្សាទុកបុរាណវត្ថុទាំងនោះកុំអោយបាត់បង់ឬខូចខាតដោយប្រការណាមួយ។
ប្រភព៖ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ