លោកស្រី យក់ សម្បត្តិ៖ វ៉ាក់សាំងមិនមែនអស់ត្រឹម៥០ម៉ឺនដូសនោះទេ គឺយើងនៅមាន ១.៥លានដូសបន្ថែមទៀត

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១.៥លានដូសទៀត នឹងមកដល់កម្ពុជា ជាបន្តបន្ទាប់នៅខែឧសភានេះ ដើម្បីចាក់ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា ជាពិសេស នោះប្រជាពលរដ្ឋនៅតំបន់ក្រហមឬតំបន់ដែលប្រឈមខ្ពស់ ។ ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិនថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការមកដល់វ៉ាក់សាំងនៅថ្ងៃនេះ គឺមិនចប់នោះទេ ដែលថ្ងៃទី១១ ខែ ឧសភា នេះ ទទួលបាន៥០ម៉ឺនដូស ថ្ងៃទី១៦ ខែឧសភា នឹងទទួលបានចំនួន៥០ម៉ឺនដូសទៀត ។ លោកជំទាវ បន្តថា តាមការ បញ្ជាក់របស់ក្រុមហ៊ុនSinovac និងស្ថានទូតចិននៅកម្ពុជា ថា នៅថ្ងៃទី២៣ ខែ ឧសភា នេះវ៉ាក់សាំង១លានដូសនឹងមកដល់បន្ថែមទៀត ដូច្នេះកម្ពុជានឹងមាន វ៉ាក់សាំងគ្រប់គ្រាន់សម្រាប់យកទៅផ្គត់ផ្គង់ចាក់នៅតំបន់ក្រហមនិងតំបន់ដែលមានហានិភ័យខ្ពស់ ជាពិសេនោះគឺរាជធានីភ្នំពេញនិងខេត្តកណ្តាល ។

វ៉ាក់សាំងមិនមែនអស់ត្រឹម៥០ម៉ឺនដូសនោះទេ យើងមាន៥០ម៉ឺនដូសថ្ងៃនេះ ថ្ងៃទី១៦យើងមាន៥០ម៉ឺនដូសទៀត ថ្ងៃទី២៣យើងមានមាន១លានដូសទៀត ដូច្នេះវ៉ាក់សាំងយើងនឹងមានគ្រប់គ្រាន់សម្រាប់ការចាក់ជូនប្រជាពលរដ្ឋ មិនថាតែនៅតំបន់ក្រហមឬតំបន់ដែលមានប្រឈមនោះទេ គឺសម្តេចតេជោបានមានប្រសាសន៍រួចហើយនឹងចាក់ជូនប្រជាពលរដ្ឋទាំងអស់ ។ អ៊ីចឹងហើយបានសូមឱ្យប្រជាពលរដ្ឋទាំងអស់មេត្តា យោគយល់និងសម្រួលដល់ការចាក់ដល់បងៗកងកម្លាំង កុំឱ្យមានការប្រជៀត និងកុំទៅជែងគ្នាច្រើនពេកដែលធ្វើឱ្យការទៅទទួលវ៉ាក់សាំង ទៅជាការទទួលជំងឺឆ្លងមកវិញ ។

លោកជំទាវ បានបញ្ជាក់ថា នៅចំពោះមុខនេះ ក្រសួងសុខាភិបាលនឹងបន្តផ្តល់វ៉ាក់សាំង៥០ម៉ឺនដូសបន្ថែមទៀតនេះ ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋដែលនៅតំបន់ក្រហមឬតំបន់ដែលប្រឈម ហើយប្រសិនបើមិនទាន់គ្រប់អស់នោះទេ និងបន្តបញ្ជូន៥០ម៉ឺនដូសថែមទៀត ដែលយើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ ខណៈដែលក្រោមការសម្រេចរបស់សម្តេចតេជោបន្ទាន់ យើងនឹងធ្វើការបញ្ជាទិញទៅក្រុមហ៊ុនវ៉ាក់សាំងបន្ថែម៥លានដូសទៀត សរុបជាផែនការលទ្ធកម្មគឺបានចំនួនឡើងដល់ ២៦លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ១៣លាននាក់ ។ លោកជំទាវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ត្រូវរក្សាឱ្យបានតាមវិធានការដែល បានដាក់ចេញ គឺ ៣កុំនិង៣ការពារ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ៕

 

Facebook Notice for EU! You need to login to view and post FB Comments!