ខេត្តបន្ទាយមានជ័យ៖​ ផ្ទះ​ ១៨ខ្នង រងការខូចខាតដោយសា​ភ្លៀងលាយឡំខ្យល់កន្រ្តាក់

ខេត្តបន្ទាយមានជ័យ ៖ នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៤ និង១០នាទី មានភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ១៨ខ្នង ខូចខាតធ្ងន់ និងស្រាល នៅភូមិផាត់សណ្តោង និងភូមិចារថ្មី ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

យោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ៖ ករណីភ្លៀងលាយឡំជាមួយនឹងខ្យល់កន្ត្រាក់នេះ បណ្តាលឲ្យខូចខាតផ្ទះចំនួន ១៨ខ្នង ក្នុងនោះខូចខាតដោយរបើកដំបូលស័ង្កសីចំនួន ១៤ខ្នង, ខូចខាតទាំងស្រុងចំនួន ០៤ខ្នង, ដួលរលំចំនួន០៣ខ្នង និងខ្យល់លើកទម្លាក់ពីលើជើងកំណល់ ០១ខ្នង ។

ប្រភពដដែលបានបញ្ជាក់ថា ៖ ក្នុងករណីនេះខ្យល់កន្ត្រាក់នេះ មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្ស និងសត្វឡើយ ហើយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះ លោកអធិការនគរបាលស្រុកមង្គបូរី វរសេនីយ៍ឯក ស៊ិន ណារ៉ាក់ បានណែនាំដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោកបល្ល័ង្គ ចុះជួយរុះរើ និងជួសជុលជូនប្រជាពលរដ្ឋផងដែរ ៕