កូវីដ​១៩ ទម្រង់បំប្លែងខ្លួន B.1.617 ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក ចាត់បញ្ចូលក្នុងកម្រិតគ្រោះថ្នាក់ « គួរឲ្យ​ព្រួ​យ​បារម្ភបំផុត »

កូវីដ​១៩ ទម្រង់បំប្លែងខ្លួន B.1.617 ឬហៅជាទូទៅថា ទម្រង់​បំប្លែងខ្លួនឥណ្ឌា ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក ចាត់បញ្ចូលក្នុងកម្រិតគ្រោះថ្នាក់ « គួរឲ្យ​ព្រួ​យ​បារម្ភបំផុត »។ លោកស្រី Maria Van Kerkhove អ្នកទទួលខុសត្រូវបច្ចេកទេស នៃអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ឆ្លងកាត់​ការវិភាគ តាម​ដានចុងក្រោយនេះ អ្នកជំនាញ​បាន​សង្កេតឃើញថា កូវីដ១៩ ទម្រង់បំប្លែងខ្លួន B.1.617 ពិតជាមានកម្លាំងឆ្លងរាលដាលខ្លាំង ហើយ​ប្រហែលជា​អាច​ ធ្វើឲ្យ​ប្រព័ន្ធអង់ទីក័រ របស់មនុស្សចុះខ្សោយ ថែមទៀតផង។

យ៉ាងណាក៏ដោយ​ លោកស្រីបន្ថែមថា អ្នកជំនាញ​កំពុងតាមដាន​ ប្រមូលទិន្នន័យ​បន្តទៀត ដើម្បីឲ្យ​ដឹង​កាន់​តែ​ច្បាស់ ថាកម្លាំងឆ្លងរាលដាលនៃកូវីដ១៩ ទម្រង់បំប្លែងខ្លួនឥណ្ឌានេះ មាន​ចំនួន​បន្ទុកមេរោគប៉ុណ្ណា ព្រមទាំងអំពីកម្រិតគ្រោះថ្នាក់ ធ្វើឲ្យ​ចុះខ្សោយ​ប្រព័ន្ធអង់ទីក័រ។

លោកស្រីប្រធានបច្ចេកទេស នៃអង្គការសុខភាពពិភពលោកបាន បញ្ជាក់បន្ថែមថា សម្រាប់ពេលនេះ គឺពុំមាន​អ្វីមកបញ្ជាក់ថា កូវីដ​១៩ទំរង់បំប្លែងខ្លួនឥណ្ឌានេះ មានកម្លាំង​អាចយកឈ្នះ ថ្នាំព្យាបាល ឬក៏ថ្នាំ​វ៉ាក់សាំងនោះទេ។ លោកស្រីបាន​បន្ថែមថា ទម្រង់បំប្លែងខ្លួន មានកម្រិតគ្រោះថ្នាក់របៀបនេះ គឺនឹងមាន​ថ្មីៗតទៅទៀត ដែលនេះវាជារឿងធម្មតាទេ។ អ្វីដែលចាំ បន្តធ្វើនាពេលនេះ គឺ​ការអនុវត្តវិធានការអនាម័យ ពាក់ម៉ាស លាងដៃ និងការរក្សាគំលាតជាដើម ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាល។

ដោយ​ឡែក អ្នកនាំពាក្យ​ម្នាក់ទៀត នៃអង្គការសុខភាពពិភពលោក បាន​បញ្ជាក់ថា អ្វីដែលលោកស្រី Maria Van Kerkhove បានលើកឡើងថា កូវីដ១៩ទំរង់បំប្លែងខ្លួនឥណ្ឌា អាចធ្វើឲ្យ​ប្រព័ន្ធអង់ទីក័រចុះខ្សោយ​នោះ គឺគ្រាន់តែជាលទ្ធផលអង្កេតតាមដាន នៅក្នុងបន្ទប់ពិសោធន៍​ មិនមែនជាទិន្នន័យជាក់ស្តែង បានមកពីអ្នកជំងឺទេ។

កាលពីថ្ងៃចន្ទ មន្ទីរពិសោធន៍ BioNTech បានអះអាងថា វ៉ាក់សាំងរបស់ខ្លួនដែលត្រូវបាន​សហការផលិតជាមួយមន្ទីរពិសោធន៍ Pfizer គឺនៅតែអាចមានប្រសិទ្ធភាពខ្ពស់ ជាមួយ​កូវីដ​១៩ទម្រង់បំប្លែងខ្លួនឥណ្ឌា ពោលគឺសម្រាប់ពេលនេះ គឺមិនចាំបាច់កែប្រែរូបមន្ត ឬស្រាវជ្រាវវ៉ាក់សាំងថ្មីទេ។