អ្នក​ឆ្លង​វីរុស​កូវី១៩ អាច​មាន​វត្តមាន​អង់ទីករ ឬប្រព័ន្ធការពារក្នុងឈាមយ៉ាងតិច ៨ខែ

ការ​សិក្សា​នេះ​បាន​រៀប​ចំ​រួម​គ្នា​រវាង​មន្ទីរពេទ្យ​អ៊ីតាលី San Raffaele ក្នុង​ទីក្រុង​មីឡង់ និង​វិទ្យាស្ថាន​សុខាភិបាល​ជាន់ខ្ពស់។ ការ​សិក្សា​បាន​ធ្វើ​ឡើង​ដោយ​តាមដាន​លើ​អ្នក​វិជ្ជមាន​កូវី១៩ ចំនួន ១៦២នាក់​ដែល​មាន ៦៧% ជា​បុរស និង​មាន​អាយុ​ជា​មធ្យម ៦៣ឆ្នាំ។ អ្នក​ជំងឺ​ទាំង ១៦២នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​មន្ទីរពេទ្យ San Raffaele ផ្នែក​សេវា​សង្រ្គោះបន្ទាន់​តាំង​ពី​ថ្ងៃ​ផ្ទុះ​ជំងឺ​កូវីដ១៩ ក្នុង​ប្រទេស​អ៊ីតាលី។ ការ​បូម​ឈាម​ទៅ​ពិនិត្យ​លើក​ទី១ ពី​អ្នក​ជំងឺ​កូវីដ១៩ ទាំង ១៦២នាក់​បាន​ធ្វើ​ឡើង​ក្នុង​ខែ​មីនា និង​មេសា ឆ្នាំ ២០២០ រួច​លើកទី២ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០២០ ដដែល។

ម្យ៉ាង​ទៀត ក្នុង​ចំណោម​អ្នក​ជំងឺ​កូវីដ១៩ ទាំង ១៦២នាក់​នោះ ៥៧% មាន​ជំងឺ​ប្រចាំ​កាយ​ក្រៅ​ពី​ជំងឺ​កូវីដ១៩ ក្នុង​នោះ ៤៤% មាន​ជំងឺ​លើស​ឈាម និង ២៤% មាន​ជំងឺ​ទឹកនោម​ផ្អែម។ ក្រោយ​ការ​ឆ្លង​កូវីដ១៩ មាន​ស្លាប់​ចំនួន ២៩នាក់​ក្នុង​ចំណោម​អ្នក​ឆ្លង​កូវីដ១៩ ទាំង ១៦២នាក់។ តែ​លទ្ធផល​នៃ​ការ​សិក្សា​លើ​អ្នក​បន្ត​រស់រាន​មាន​ជីវិត​ចំនួន ១៣៣នាក់​បាន​បញ្ជាក់​ថា បន្ទាប់​ពី​មាន​វត្តមាន​អង់ទីករ​រយៈពេល ៨ខែ​ក្រោយ​ការ​ឆ្លង​មក ការ​ធ្វើ​តេស្តិ៍​នៅ​តែ​បង្ហាញ​ថា មាន​អ្នក​ជំងឺ​ដល់​ទៅ ១៣០នាក់​បន្ត​មាន​អង់ទីករ​ក្នុង​ឈាមដដែរ។ ជា​ការ​សន្និដ្ឋាន​រួម អ្នក​ឆ្លង​វីរុស​កូវី១៩ អាច​មាន​វត្តមាន​អង់ទីករ ឬ​ប្រព័ន្ធ​ការពារ​ក្នុង​ឈាម​លើស​ពី ៨ខែ​ដោយ​រាប់​ចាប់​ពី​ថ្ងៃ​ឆ្លង​កូវីដ១៩ ដំបូង។

ការ​សិក្សា​ដដែល​បាន​យល់​ឃើញ​ថា ទោះ​បី​ជា​វត្តមាន​អង់ទីករ​ចុះ​ថយ​ទៅ​តាម​ពេល​វេលា​ក៏​ដោយ​ក៏​វា​នៅ​មាន​ជាប់លាប់​ឋេរ​យូរ។ តែ​ការ​សិក្សា​ដដែល​បាន​កត់សម្គាល់​ឃើញ​ថា បើ​អ្នក​ឆ្លង​កូវីដ១៩ ណា​មិន​អាច​ផលិត​បាន​អង់ទីករ​ក្នុង​រយៈពេល ១៥ថ្ងៃ​ដំបូង​នៃ​ការ​ឆ្លង​ទេ អ្នក​ជំងឺ​រូប​នោះ​នឹង​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ដោយ​កូវីដ១៩៕