ម្ចាស់ផ្ទះជប៉ុន៖ សមយុទ្ធយោធា រួមគ្នា ​បារាំង​ អាមេរិក និង​អូស្ត្រាលី បាន​ចាប់បើក ជាផ្លូវការហើយ

សមយុទ្ធ ដែល​ប្រព្រឹត្តទៅ នៅ​កោះ Kyushu នៅ​ភាគខាងលិច​ប្រទេស​ជប៉ុន នឹងផ្តោត​ទៅលើ​លំហាត់សឹក​ជើងគោក ជើងទឹក និង​ជើងអាកាស។ តាម​អ្នកទទួលខុសត្រូវ​របស់​កងទ័ព​ជើងទឹក​បារាំង នៅក្នុង សមយុទ្ធ​ ជើងទឹក ដែល​ត្រូវ​ចាប់ផ្តើម​ នៅ​ថ្ងៃសុក្រ នឹង​មាន​នាវា​មុជទឹក​មួយគ្រឿង​របស់​ជប៉ុន នាវាចម្បាំង​១០គ្រឿង ដែលមាន​៦​គ្រឿង​ជា​របស់​ជប៉ុន មួយគ្រឿង​របស់អាមេរិក មួយគ្រឿង​របស់អូស្ត្រាលី និង​ពីរគ្រឿង របស់​បារាំង ដែលនៅក្នុង​នោះ ១​គ្រឿង ជា​នាវាដឹកឧទ្ធម្ភាគចក្រ។ ក្រៅតែពីមាន​យន្តហោះចម្បាំង យន្តហោះល្បាត​របស់អាមេរិក និង​ជប៉ុន សមយុទ្ធ​នៅលើដីគោក នឹង​មានការចូលរួម​ពី​ទាហាន​សរុប ៣០០នាក់ ដែលនៅក្នុងនោះ ៦០នាក់ ជាទាហាន​បារាំង។

ប្រធានបទ​សំខាន់​នៃសមយុទ្ធ​ផ្តោត​ទៅលើ​វិធីសាស្រ្ត​នាវាចរណ៍ ការប្រយុទ្ធប្រឆាំង​កប៉ាល់​យន្តហោះ និង នាវាមុជទឹក​របស់​សត្រូវ។ តាម​មន្រ្តីយោធា​បារាំង សមយុទ្ធ​ជើងគោក ដែល​ផ្តោត​ទៅលើ​ការប្រយុទ្ធ ធ្វើសង្រ្គាម​នៅ​ទីក្រុង​នឹងធ្វើឡើង ក្នុង​ក្របខ័ណ្ឌ រឹតត្បិត​បំផុត ដើម្បី សម្របតាម វិធានការ សុខភាព ក្នុង​កាលៈទេសៈ​កូវីដ។

សម្រាប់​ប្រធាន​វិទ្យាស្ថាន World Studies នៅ​សកលវិទ្យាល័យ Takushoku នៅទីក្រុង​តូក្យូ លំហាត់សឹក​រៀបចំ​ដោយ​ជប៉ុន​លើកនេះ មាន​ទម្រង់ ជា​ការប្រឆាំង​វាយបក​នៅ​ចំពោះមុខ ចរិត​ឈ្លានពាន របស់​ចិន នៅក្នុង​តំបន់។

នៅក្នុង​ជំនួបទ្វេភាគី​ជាមួយ ប្រធានាធិបតី​អាមេរិក កាលពី​ខែ​មេសា លោកនាយករដ្ឋមន្រ្តី​ជប៉ុន Yoshihide Suga បាននិយាយ​ថា តូក្យូ និង​វ៉ាស៊ីនតោន ប្រឆាំង​ដាច់ខាត​នឹង​ការប៉ុនប៉ង​របស់​ចិន ដែល​ចង់​ផ្លាស់ប្តូរ​លក្ខន្តិកៈដើម តាមរយៈ ការប្រើកម្លាំង ឬ​បំភិតបំភ័យ ប្រទេស​ដទៃ នៅ​សមុទ្រ​ចិនខាងត្បូង និង​ខាងកើត។ ទីក្រុង​ប៉េកាំង​វិញ បាន​វាយបក និង​រិះគន់​ការប៉ុនប៉ង​លូកដៃ ចូលកិច្ចការផ្ទៃក្នុង​របស់​ចិន ដូចជា​សំណុំរឿង​តៃវ៉ាន់ និង​ការញុះញង់ បំបែកបំបាក់​ នៅ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក៕