ឧត្តមសេនីយ៍ទោ សេង ធារិន បានត្រៀមកងកម្លាំងសុខាភិបាលយោធភូមិភាគទី៥ ពាក់អាវសចូលសមរភូមិមុខ តាមបទបញ្ជា

(បន្ទាយមានជ័យ)ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញចុះត្រួតពិនិត្យកម្លាំងក្រុមគ្រូពេទ្យ ចំណុះឲ្យទិសទី១ យោធភូមិភាគទី៥ រួមមានអង្គភាពកងពលតូចថ្មើរជើងលេខ៥១ និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ សរុបចំនួន ២៩នាក់ កំពុងហ្វឹកហ្វឺន បច្ចេកទេសយកសំណាក និងរបៀបព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយអនុវត្តជាក់ស្តែងនៅមណ្ឌលចត្តាឡីស័កកំរិត២ស្ថិតនៅភ្នំកងវ៉ា ខេត្តបន្ទាយមានជ័យ។
គួរកត់សំគាល់ថា វគ្គហ្វឹកហ្វឺននេះក្រោមកិច្ចសហការជួយបណ្តុះបណ្តាលពីក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមដោះស្រាយបញ្ហាការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងនោះយោធភូមិភាគទី៥ ក៏បានត្រៀមខ្លួនរួចរាល់ក្រុមគ្រូពេទ្យ មធ្យោបាយ សម្ភារ: សម្រាប់ចល័តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមតាមបទបញ្ជារបស់ថ្នាក់លើផងដែរ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានគូសបញ្ជាក់ថា ក្នុងគ្រាដ៏លំបាកនេះ យើងត្រូវរួម គិត ធ្វើ ទទួលខុសត្រូវ និងដោះស្រាយ អោយបានលឿន ទាន់ពេលវេលា នៅជំងឺឆ្លងរីករាលដាលនេះ។ ស្ថិតនៅក្នុងស្ថានភាពនេះ កងទ័ព មានភារកិច្ចចូលរួមជួយតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំកងទ័ពគ្រប់លំដាប់ថ្នាក់ ពិសេស តាមបទបញ្ជារបស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ប្រើប្រាស់អោយអស់លទ្ធភាព តាមសំណូមពរគណៈបញ្ជាការឯកភាពខេត្ត៕