រឿងរ៉ាវដ៏គួរមិននឹកស្មានដល់! ជនរងគ្រោះទាំង ៥ នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងភ្នក់ភ្លើង តាមពិតឃាតក គឺជាស្វាមី ជាឪពុករបស់ជនរងគ្រោះ

នៅទីបំផុត ក្រុមការងារចម្រុះ ECHO21 បានចាប់ខ្លួន និងចោតជនសង្ស័យដែលជាឪពុក ពីបទឃាតកម្មទៅលើមនុស្ស៥នាក់។ នេះបើតាមព័ត៌មានផ្លូវការពីទំព័រហ្វេសប៊ុកផេក អង្គការការពារកុមារ (Child Protection Unit)។

យោងតាមប្រភពទខាងលើទាំងស្រុងបានឱ្យដឹងថា ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) ក្នុងកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចោទបុគ្គលឈ្មោះ នុន សារ៉េត ពីបទឃាតកម្មទៅលើជនរងគ្រោះ ៥ នាក់ ពាក់ព័ន្ធនឹងករណីអគ្គិភ័យដែលបានកើតឡើងនៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។

ជុំវិញអំពើឃាតកម្មដ៏ឃោឃៅនេះ មហាជន និងប្រជាពលរដ្ឋ នៅតែមិនអស់ចិត្ត ​ថាតើមានមូលហេតុអ្វីបានជា បុរសជាប្ដី ជាឪពុករូបនេះចិត្តខ្មៅម្ល៉េះ ដាច់ចិត្តសម្លាប់ប្រពន្ធកូនខ្លួនផ្ដាច់ពូជបែបនេះ? ជុំវិញបញ្ហានេះ បើតាមការរៀបរាប់នៅចំពោះមុខសមត្ថកិច្ចជនដៃដល់​ បានសារភាពថា ជីវិតគ្រួសារខ្លួន មានបញ្ហារកាំរកូសរ៉ាំរ៉ៃជាយូរមកហើយ ជនបង្កប្រាប់ទៀតថា នៅថ្ងៃកើតហេតុ ពេលកំពុងហូបបាយជុំគ្រួសារ ស្ត្រីរងគ្រោះជាប្រពន្ធ បានជេរប្រទេចខ្លួន និងតែងជេរខ្លួនបែបនេះស្ទើររាល់ថ្ងៃ ។ ដោយសារកំហឹងកំពុងឆាបឆួលក្នុងខ្លួនស្រាប់ផង ជនបង្កមិនអាចទប់កំហឹងរបស់ខ្លួនបានក៏បានទាញកន្ត្រៃយកទៅចាក់សម្លាប់ប្រពន្ធក្នុងពេលកំពុងប្រព្រឹត្តិសកម្មភាពនេះ កូនៗក៏បានឃើញហេតុការណ៍នេះ ហើយជនដៃដល់ក៏បានទាញកូនៗប្រមូលយកមកដុតសម្លាប់ទាំងអស់តែម្ដង ។ នេះបើតាមប្រភពពីបណ្ដាញសារព័ត៌មានកម្ពុជាថ្មី ។

បុគ្គលឈ្មោះ នុន សារ៉េត អាយុ ៣៨ ឆ្នាំគឺជាប្តី និងឪពុករបស់ជនរងគ្រោះទាំង ៥នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងករណីអគ្គិភ័យនេះ ហើយនឹងត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាកាដំបូងនៃខេត្តកំពង់ឆ្នាំងដើម្បីធ្វើការផ្តន្ទាទោសពីបទឃាតកម្មទៅលើមនុស្ស ៥នាក់។

 

ប្រភព៖​ sabay.com.kh