ហិង្សាកាន់តែខ្លាំង រវាងក្រុមហាម៉ាសប៉ាឡេស្ទីន និង​កងទ័ពអ៊ីស្រាអែល នៅប៉ុន្មានថ្ងៃចុងក្រោយ​នេះ

ស្ថានការណ៍កាន់តែចលាចល និងហិង្សាខ្លាំងណាស់ នៅយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះ។ ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្កាហ្សា បាន​បាញ់គ្រាប់រ៉ូកែត យ៉ាងហោចជាង​២០០​គ្រាប់ ដោយ​ក្នុងនោះ ជាង១០០គ្រាប់បានបាញ់សំដៅទៅ​ទីក្រុងតែលអាវីវ ដែលជាទីក្រុងធំទី២​របស់​អ៊ីស្រាអែល ហើយ​ប្រមាណ​១០០គ្រាប់ទៀត បានសំដៅទៅ​ក្រុង Beersheva ស្ថិតនៅភាគខាងត្បូង​អ៊ីស្រាអែល។ ចំណែក​ក្រុមកម្លាំងប៉ាឡេស្ទីនមួយទៀត ឈ្មោះ ក្រុមជីហាដអ៊ីស្លាម ក៏បាន​ប្រកាសថា នៅវេលាម៉ោង៥ទៀបភ្លឺ គេបានបាញ់គ្រាប់មីស៊ីល ចំនួន​១០០គ្រាប់ ចេញពីតំបន់ហ្កាហ្សា ទៅលើទឹកដីអ៊ីស្រាអែលដែរ។

កងទ័ព​អ៊ីស្រាអែល បានបាញ់មីស៊ីល និងទំលាក់គ្រាប់បែកឆ្លើយតប​វិញ​យ៉ាង​ដំណំ នៅយប់ថ្ងៃអង្គារ ដោយ​បានកំទេច​អាគារមួយចំនួន។ កងទ័ពអ៊ីស្រាអែល អះអាងថា កម្មវត្ថុគេ គឺកំទេចទីតាំង ដែល​​ក្រុម​​ហាម៉ាស​ប៉ាឡេស្ទីនលាក់ខ្លួន ឬជាទីតាំងប្រតិបត្តិការរបស់ក្រុមនេះ។ យ៉ាងណាមិញ អ៊ីស្រាអែល​បានកំទេច​អាគារមួយកន្លែង ដែលគេអះអាងថា ជាកន្លែងលាក់ខ្លួន របស់ មេក្លោងក្រុមហាម៉ាស ឈ្មោះ Hassan Kaogi និង Waël Issa។ ក្រុមហាម៉ាសអះអាងថា អាគារ​ស្នងការ​នគរបាល​មួយកន្លែង ត្រូវបានកំទេចដោយ​គ្រាប់មីស៊ីលរបស់អ៊ីស្រាអែល។

គិតចាប់ពីថ្ងៃចន្ទមក គឺមានគ្រាប់មីស៊ីល និងរ៉ូកែត ប្រមាណ​​១០០០គ្រាប់ ដែល​ត្រូវបានបាញ់ចេញ​ពី​តំបន់​​ហ្កាហ្សា។ កងទ័ព​អ៊ីស្រាអែល បាន​អះអាង​ថា ប្រព័ន្ធខែលមីស៊ីលរបស់គេ បានស្ទាក់កំទេចបានជាង​៨០០គ្រាប់។ គិតត្រឹមពេលនេះ ខាងតំបន់ហ្កាហ្សា មានស្លាប់៣៥នាក់ ដែលក្នុងនោះ ១២នាក់ជាកុមារ ចំណែក ខាងអ៊ីស្រាអែល មានមនុស្សស្លាប់​៥នាក់។ លោកស្រីរដ្ឋអាជ្ញាអមតុលាការព្រហ្មទណ្ឌអន្តរជាតិ បានលើកឡើងថា លោកស្រីកំពុងតាមដានស្ថានការណ៍នេះ និងកត់ត្រាទុក ព្រោះថា​វាអាចជាឧក្រិដ្ឋកម្មសង្រ្គាម បង្កឡើងដោយ​កងទ័ព​អ៊ីស្រាអែល។

រីឯ​នៅក្នុងទឹកដីអ៊ីស្រាអែលវិញ ប្រជាជនអារ៉ាប់ បានធ្វើបាតុកម្មហិង្សា​ជាច្រើនកន្លែង ដុតរថយន្ត វាយបំផ្លាញ​សម្បតិ្ត​សាធារណៈ បង្កឲ្យមានការប៉ះទង្គិចគ្នា ជាមួយសមត្ថកិច្ច​អ៊ីស្រាអែល របួសច្រើនរយនាក់ណាស់។

 

Facebook Notice for EU! You need to login to view and post FB Comments!