ករណីរថយន្តបុកម៉ូតូបណ្តាលអោយបុរសស្លាប់ម្នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២១ និង០៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅកន្លែងកើតហេតុ ស្ថិតនៅលើផ្លូវលេខ ១៣០ ត្រង់ចំណុចភូមិវាល ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

មន្រ្តីនគរបាលស្រុកសំរោងទង បានឲ្យដឹងថា​ ៖ មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ ( បើកគេចចេញពីកន្លែងកើតហេតុ) បើកបរពីកើតទៅលិច លុះមកដល់ចំណុចខាងលើបានបុកម៉ូតូមួយគ្រឿង ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ម៉ាកហុងដាសេ១២៥ សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1S-9522 អ្នកបើកបរឈ្មោះ ចៅ គង់ភារុណ ភេទប្រុស អាយុ 23ឆ្នាំ រស់នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ ។

បច្ចុប្បន្ន ចំពោះម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលាំងចក ចំណែករថយន្តកំពុងស្រាវជ្រាវ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ