ពិធីបើកការដ្ឋានសាងសង់កំពង់ផែទំនិញរាយ និងទេសចរណ៍ដងទង់ នៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

0
41

(កោះកុង)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តកោះកុង រៀបចំពិធីបើកការដ្ឋានសាងសង់កំពង់ផែទំនិញរាយ និងទេសចរណ៍ដងទង់ នៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ពិធីសាងសង់កំពង់ផែដ៏ថ្មីស្រឡាងនេះ បានប្រារព្ធទៅនាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង។

យោងរបាយការណ៍សាងសង់កំពង់ផែថ្មីនេះ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង បានឱ្យដឹងថា គម្រោងសាងសង់​កំពង់ផែថ្មី​មួយ​​នេះជាប្រភេទបេតុងមានប្រវែង៦៩ម៉ែត្រ និងទទឹង១៦.៥ម៉ែត្រ។ ស្ពានបេតុងភ្ជាប់ទៅផែប្រវែង២៨ម៉ែត្រ ទទឹង៨ម៉ែត្រ ចំនួន២កន្លែង។

លោកបន្ថែមថា សម្រាប់ផ្លូវបេតុងចេញចូលផែទំហំ១៦២២.៨ម៉ែត្រការ៉េកម្រាស់០.២៣ម៉ែត្រ រីឯផ្លូវដើរទំហំ១០០.៨ម៉ែត្រការ៉េ កម្រាស់០.២ម៉ែត្រ។

គម្រោងអភិវឌ្ឍន៍ស្ថាបនាផែសមុទ្របន្ថែមមួយទៀត គ្រោងចំណាយថវិកាសរុបប្រមាណ១.៥លានដុល្លារ ដោយប្រើប្រាស់២ឆ្នាំ ធ្វើយ៉ាង​ណាឱ្យបញ្ចប់នៅឆ្នាំ២០២២ខាងមុខនេះ៕