រដ្ឋបាលខេត្តកែប ច្រានចោលព័ត៌មាន ដែលបានផ្សព្វផ្សាយថាមានវត្ថុបុរាណតម្លៃជាង ៤០ម៉ឺនដុល្លារ

ឆ្លើយតបនឹងសារព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយបំពុល និងប៉ាន់ស្មានដោយគ្មានប្រភពច្បាស់លាស់នោះ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកែប បានរៀបចំធ្វើសន្និសីទសារព័ត៌មានមួយក្នុងគោលបំណង ដើម្បីបកស្រាយបំភ្លឺដល់សាធារណជនទូទៅ ជុំវិញករណីរូបចម្លាក់មួយ ដែលកន្លងមកមានប្រជានេសាទបានប្រគល់ជូនរដ្ឋបាលខេត្តកែប យកមករក្សាទុក ដើម្បីឱ្យអ្នកជំនាញធ្វើការពិនិត្យស្រាវជ្រាវកំណត់អត្តសញ្ញាណឱ្យបានច្បាស់លាស់ថាតើចម្លាក់នេះមានទម្រង់ និងរចនាបទជារូបអ្វី ធ្វើឡើងពីអ្វី របស់បុរាណឬក៏មិនមែន ហើយមានតម្លៃប៉ុណ្ណា។

ក្នុងសន្និសីទសារព័ត៌មាន វាគ្មិនដែលជាអ្នកនាំពាក្យរបស់រដ្ឋបាលខេត្ត និងមន្ត្រីជំនាញបានបញ្ជាក់ថា អាជ្ញាធរខេត្តកែបកំពុងរក្សាទុករូបចម្លាក់នេះនៅទីកន្លែងសុវត្ថិភាព មិនបានបាត់ទៅណានោះទេ។ ទោះយ៉ាងណាយើងក៏នៅមិនទាន់អាចកំណត់អត្តសញ្ញាណរូបចម្លាក់នេះឱ្យបានច្បាស់លាស់១០០% នៅឡើយ។

លោក អ៊ឹង វុទ្ធី នាយករដ្ឋបាល និងជាអនុប្រធានអ្នកនាំពាក្យរដ្ឋបាលខេត្តកែប បានឱ្យដឹងថា រូបចម្លាក់ដែលមានទម្ងន់ប្រមាណជិត ៥គីឡូក្រាម ត្រូវបានរដ្ឋបាលខេត្តកំពុងរក្សាទុកដើម្បីធ្វើការស្រាវជ្រាវពីប្រវត្តិនៃរូបចម្លាក់នេះ ប៉ុន្តែអាជ្ញាធរមិនទាន់អាចកំណត់បានទេថា ជារបស់បុរាណឬយ៉ាងណា ហើយមានតម្លៃប៉ុណ្ណានោះទេ។ សម្រាប់ការធ្វើសន្និសីទសារព័ត៌មានថ្ងៃនេះ រដ្ឋបាលខេត្តចង់បង្ហាញទៅកាន់សាធារណជនថា រូបចម្លាក់ដែលអ្នកនេសាទបានប្រគល់ជូនអាជ្ញាធរខេត្តកែប គឺនៅរក្សាទុកនៅទីកន្លែងសុវត្ថិភាពហើយ មិនបានបាត់ទៅណាដូចការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននោះទេ។ ព័ត៌មានដែលថារូបចម្លាក់បានបាត់ ហើយមានតម្លៃរហូតដល់ជាង ៤០ម៉ឺនដុល្លារ មិនពិតទេគឺគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។
Facebook Notice for EU! You need to login to view and post FB Comments!