កម្លាំងរបស់បញ្ជាការដ្ឋានទ័ពពិសេស និងកងពលតូចដឹកជញ្ជូនលេខ៩០ ចុះដឹកជញ្ជូនជំនួយរាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់

(ភ្នំពេញ) នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ កងកម្លាំងរបស់បញ្ជាការដ្ឋានទ័ពពិសេស ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស និង កម្លាំងកងពលតូចដឹកជញ្ជូនលេខ៩០ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កែប ចាន់តូ មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ បន្តអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក ក្នុងការចូលអន្តរាគមន៍ ដឹកជញ្ជូនអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ នៅបណ្តាខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ។
តាមរបាយការណ៍នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នេះត្រូវបានប្រើប្រាស់កម្លាំង ប្រមាណ២០៦នាក់ រថយន្ត២៦គ្រឿងចុះធ្វើការលើកដាក់ ដឹកជញ្ជូនស្បៀងអាហារ រួមមាន អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខ ដែលរដ្ឋបាលរាជធានីភ្នំពេញត្រូវបែងចែកជូនប្រជាពលរដ្ឋ ចំនួន៥០០០គ្រួសារ ក្នុងតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន ខណ្ឌមានជ័យ, ព្រែកព្នៅ, ដូនពេញ, ៧មករា,ទួលគោក, ចំការមន, បឹងកេងកង, ច្បារអំពៅ និងខណ្ឌកំបូល។
សូមជម្រាបជូនថា រយៈពេលជាង៣សប្តាហ៍មកនេះ កម្លាំងរបស់ បញ្ជាការដ្ឋានទ័ពពិសេស និងកងពលតូចដឹកជញ្ជូនលេខ៩០ បានសហការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងកម្លាំងរបស់បញ្ជាការដ្ឋានអង្គរក្ស ដើម្បីបម្រើការលើកដាក់ ដឹកជញ្ជូនជំនួយរាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ដែលកំពុងប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដែលឆ្លើយតបទៅនិងការយកចិត្តទុកដាក់ របស់ ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះប្រជាពលរដ្ឋក្នុងគ្រាជួបទុក្ខលំបាកនេះ៕
Facebook Notice for EU! You need to login to view and post FB Comments!