តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ពារាំង កំពុងកែលំអរ​​ទៅជា​កន្លែង​ទេសចរណ៍​ដ៏​ស្រស់ស្អាត​ និងជា​បឹង​អភិរក្ស​ត្រី​ដ៏​សម្បូរបែប

សៀមរាប​៖ តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ពារាំង ស្ថិតនៅក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្ដ​សៀមរាប កំពុង​ត្រូវបាន​ស្ដារ​យក​អាចម៍ដី​ចេញ ដើម្បី​កែសម្រួល​បឹង​ធម្មជាតិ​មួយ​នេះ អោយទៅជា​បឹង​អភិរក្ស​ត្រី​ដ៏​សម្បូរបែប និង​កែលំអរ​ទៅជា​កន្លែង​ទេសចរណ៍​ដ៏​ស្រស់ស្អាត សម្រាប់​ទាក់ទាញ​អ្នក​ទេសចរណ៍​បន្ថែមទៀត​ក្រោយ​បញ្ចប់​ជំងឺ​កូ​វីដ​-១៩​។​

​លោក គង់ មង្គល់ ប្រធាន​សមាគម​រមណី​យ​ដ្ឋា​ន​ទេសចរណ៍ធម្មជាតិ​បឹង​ពារាំង លោក​មានប្រសាសន៍ នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១​នេះ​ថា បឹង​ធម្មជាតិ​មួយ​នេះ មាន​មច្ឆា​ជាតិ និង​សត្វ​ស្លាប​រាប់រយ​ប្រភេទ បាន​នឹង​កំពុង​រស់នៅក្នុង​បឹង​នោះ ខណ​:​ដែល​បច្ចុប្បន្ននេះ​បាន​គោក​រាក់​ទឹក​ខ្លះ​ហើយៗ បណ្ដាលអោយ​មច្ឆា​ជាតិ​រង​ការបាត់បង់​ដោយសារ​គ្មាន​ទឹក​គ្រប់គ្រាន់ ។ លោក​ថា ដោយបាន​អនុញ្ញាត​ជាគោលការណ៍​ពី​រដ្ឋបាល​ខេត្តសៀមរាប ក្នុងការ​ស្តា​របឹង​នេះ លោក​បាន​បូមទឹក​បញ្ចូល​ជាច្រើនលើក​ហើយ​តែ​មិន​គ្រប់​តាម​តម្រូវការ​របស់​មច្ឆា​ជាតិ​នោះឡើយ​។

ដោយ​ឃើញ​ស្ថានភាព​បឹង​នោះ​រីង​ទឹកជា​រៀងរាល់ឆ្នាំ លោក​បាន​សុំ​ការអនុញ្ញាតិ​ច្បាប់​ស្ដារ​យក​អាចម៍ដី​ចេញ​ទំហំ​ជាង​១០០​ហិកតា ជំរៅ​៤​ម៉ែត្រ ដើម្បី​ធ្វើ​ទីជម្រក​ត្រី​អោយ​រស់នៅក្នុង​បឹង​យ៉ាងច្រើន​នោះ​កាន់តែច្រើន​បន្ថែមទៀត ព្រមទាំង​កែលម្អ​របឹង​នោះ ឲ្យ​ទៅជា​កន្លែង​ទេសចរណ៍​ទាក់ទាញ​អ្នកទស្សនា​បន្ថែមទៀត ខណ​:​ដែល​បច្ចុប្បន្ន​មាន​អ្នក​ទៅ​ទស្សនា​មាន​តិចតួច​នៅឡើយ ដោយសារ​មិនទាន់​រៀបចំ​អោយបាន​ស្រស់ស្អាត​។ លោក​ថា ក្រោយ​ពេលដែល​បឹង​នោះបាន​ស្ដារ​រួចហើយ អាចជា​បឹង​សំបូរ​ទៅដោយ​មច្ឆា​ជាតិ សត្វ​ស្លាប និង​សត្វ​ស្វា​ជាច្រើន​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​ដែលជា​អេកូ​ទេសចរណ៍​យ៉ាង​ប្រណិត ដែល​អ្នក​ទេសចរណ៍​ទៅ​ទស្សនា និង​ស្ទូចត្រី​កំសាន្ដ​នៅ​តំបន់​ទេសចរណ៍​នោះ ។​កាលណា​ភ្ញៀវទេសចរ​ច្រើន ប្រជាពលរដ្ឋ​ក៏មាន​ចំ​ណួ​ល​ក្នុង​គ្រួសារ​ជាប្រចាំ​ថ្ងៃ​ផងដែរ​។​