រង្វាន់លើកទឹកចិត្តចំនួន ១០លានរៀល អំណោយ សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូន មនុស្សទី ២លាន ដែលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស បាននាំយកថវិកាចំនួន ១០លានរៀល និង គ្រឿងឧបភោគបរិភោគមួយចំនួន ជារង្វាន់លើកទឹកចិត្តសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូន ក្មួយស្រី ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រ ជាមនុស្សទី ២លានដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា បន្ទាប់ពីការចាប់ផ្តើមចាក់វ៉ាក់សាំងកាលថ្ងៃ១០ ខែ កុម្ភៈ ២០២១ ដែលម្ជុលទី១បានទៅ ឯកឧត្តម ហ៊ុន ម៉ាណែត។
ថ្ងៃ១១ ខែ មេសា ២០២១ បានរកឃើញមនុស្សទី១លានដែលបានចាក់វ៉ាក់សាំងដែលបានទៅលោក ប៉ាន់ សុវណ្ណរិទ្ធិ ដែលទទួលបានរង្វាន់១០លានរៀលផងដែរ។
ដោយឡែក នៅថ្ងៃនេះ១៤ ខែ ឧសភា ២០២១នេះ បានរកឃើញមនុស្សទី២លាន បានទៅក្មួយស្រី ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់១០លានរៀលទៀត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២១នេះថា ក្នុងយុទ្ធសាស្ត្រពន្លត់ភ្លើងល្អជាងអង្គុយបក់ផ្សែង យើងគ្មានជម្រើសណាអោយល្អជាងការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនយើងនោះទេ។ ការឆ្លងក្នុងសហគមន៍ម្តងហើយម្តងទៀតនៅស្ទើរគ្រប់ប្រទេសតម្រូវអោយយើងខិតខំរកវិធីទប់ស្កាត់ការឆ្លងនិងការបាត់បង់ជីវិតប្រជាជនយើងតាមរយៈការចាក់វ៉ាក់សាំង។
សម្តេចបន្តថា ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង១៦លាននាក់ មានប្រជាជនដែលមានអាយ១៨ឆ្នាំឡើងដែលនឹងត្រូវចាក់វ៉ាក់សាំងតែ១០លាននាក់ប៉ុណ្ណោះដែលថ្ងៃនេះយើងចាក់បាន២លាននាក់ ស្មើនឹង២០ភាគរយរួចទៅហើយ។ ការចាក់វ៉ាក់សាំងនេះយើងក៍បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញក្រៅ គឺចាក់នៅរាជធានីភ្នំពេញដែលមានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញទៅបណ្តាខេត្តទៅតាមលំដាប់អាទិភាព។
ដោយ: ទទក