កម្លាំងរបស់កងពលតូចថ្មើរជើងលេខ៣១ ដែលបានចូលរួមសហការការពារ តំបន់បិទខ្ទប់ភូមិសាស្រ្តក្រុងព្រះសីហនុ ត្រូវបានវិលចូលអង្គភាពវិញនៅ១៤ខែឧសភានេះ

យោងតាមប្រសាសន៍របស់ ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន មេបញ្ជាការរងយោធភូមិភាគទី៣ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា កម្លាំងរបស់កងពលតូចថ្មើរជើងលេខ៣១ ដែលបានចូលរួមសហការពារ តំបន់បិទខ្ទប់ភូមិសាស្រ្តក្រុងព្រះសីហនុ ដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ខ្លាំង នាពេលកន្លងទៅ ត្រូវបានទទួលបទបញ្ជាអនុញ្ញាតឲ្យវិលចូលអង្គភាពវិញនៅ ថ្ងៃទី១៤ខែឧសភានេះ។ ប៉ុន្តែដោយឡែកកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ នៅបន្តឈរជើងក្នុងភូមិសាស្រ្តដដែល ខណៈដែលតំបន់ក្រហម ត្រូវបានកែសម្រួលឲ្យនៅរួមតូច។
ឯកឧត្តម បានលើកបញ្ជាក់ថា រយៈពេល ២២ថ្ងៃកន្លងមកនេះ កងកម្លាំងបានចូលរួមបំពេញបេសកកម្មបិទខ្ទប់ តំបន់ក្រហម ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ទទួលបានជោគជ័យ និងប្រកបដោយសុវត្ថិភាព។ កងកម្លាំងបានឈរជើងការពារយ៉ាងយកចិត្តទុកដាក់ ទាំងយប់ទាំងថ្ងៃ តស៊ូជំនះការលំបាក ដើម្បីអនុវត្តបទបញ្ជា ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។
សូមរំលឹកជូនថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ចេញកម្លាំងទ័ព តាមការស្នើសុំរបស់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចូលរួមការពារតំបន់បិទខ្ទប់ក្នុងភូមិសា្រស្រ្ត ក្រុងព្រះសីហនុ ដោយប្រើប្រាស់កម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងកម្លាំងរបស់កងពលតូចថ្មើរជើងលេខ៣១ ចំណុះយោធភូមិភាគទី៣៕