ប្រទេស​អាហ្វហ្កានីស្ថាន៖ យ៉ាង​តិច មនុស្ស​១៦នាក់បានស្លាប់ បន្ទាប់ពីភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​វិហារ​អ៊ីស្លាម

អំពើភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ក្នុង​វិហារ​អ៊ីស្លាម​នៅ​ជាយ​ក្រុង​កាប៊ូល​បាន​កើត​ឡើង ខណៈ​ដែល​អ្នក​កាន់​សាសនា​អ៊ីស្លាម​កំពុង​សូត្រធម៌​នា​រសៀល​ថ្ងៃ​សុក្រ ទី១៤ ឧសភា និង​ត្រៀម​បិទបញ្ចប់​ពិធី​តម​អាហារ​នៅ​ថ្ងៃ​សៅរ៍ ទី១៥ ឧសភា។ នេះ​ជា​ការ​កត់សម្គាល់​ទី១។ ចំណែក​ការ​កត់សម្គាល់​ទី២ មាន​ពីរ​ចំណុច ទី១ អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន និង​ចលនា​ឧទ្ទាម​តាលីបង់​ទើប​បាន​ចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​រយៈពេល ៣ថ្ងៃ​ដោយ​រាប់​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ឧសភា និង​ចំណុច​ទី២ អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ពេល​នេះ​បាន​កើត​មាន​ឡើង ខណៈ​ដែល​អាមេរិក​ទើប​បាន​ដក​ទ័ព​របស់​ខ្លួន​ទាំង​អស់​ចេញ​ពី​មូលដ្ឋាន​យោធា​ក្នុង​ខេត្ត​កង់ដាហារ​កាល​ពី​ថ្ងៃ​ពុធ ទី១២ ឧសភា។

 

ព័ត៌មាន​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​លោក​ខូយ៉ា យ៉ាយ៉ា អាឡាវី អ្នក​នាំ​ពាក្យ​កងទ័ព​អាហ្វហ្កានីស្ថាន​ក្នុង​ខេត្ត​កង់ដាហារ។ តាម​លោក​អាឡាវី ពិធី​ប្រគល់​មូលដ្ឋាន​យោធា​រវាង​ទ័ពអាមេរិក និង​ទ័ព​អាហ្វហ្កានីស្ថាន​ត្រូវ​ធ្វើ​នៅ​ក្រោយ​ការ​បិទបញ្ចប់​ពិធី​តម​អាហារ​របស់​អ្នក​កាន់​សាសនាអ៊ីស្លាម។ គួរ​រម្លឹក​ថា មូលដ្ឋាន​យោធា​ក្នុង​ខេត្ត​កង់ដាហារ​ជា​មូលដ្ឋាន​យោធា​ដ៏​សំខាន់​ទី២ ដែល​បម្រើ​ឲ្យ​កម្លាំងទ័ព​អាមេរិក និង​កម្លាំងទ័ព​អន្តរជាតិ​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន។

មួយ​វិញ​ទៀត ខេត្ត​កងដាហារ​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ធ្លាប់​ជា​អតីត​ទីតាំង​របស់​ចលនា​ឧទ្ទាម​តាលីបង់។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ខេត្ត​កង់ដាហារ​បាន​ក្លាយ​ជា​ឆាក​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កម្លាំង​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម​តាលីបង់។

 

Facebook Notice for EU! You need to login to view and post FB Comments!