ឯកឧត្តម​បណ្ឌិត​ ថោង ខុន៖ ត្រូវនាំគ្នាបន្តជំរុញ ៣កុំ ៣ការពារ ឲ្យក្លាយជាយុទ្ធនាការ និងជាចលនាសង្គមមួយ

(កំពង់ធំ)៖ ឯកឧត្តម​បណ្ឌិត​ ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ បានលេីកឡេីងថា ត្រូវនាំគ្នាបន្តជំរុញ ៣កុំ ៣ការពារ ឲ្យក្លាយជាយុទ្ធនាការ និងជាចលនាសង្គមមួយ ដោយមានការចូលរួមប្រកបដោយស្មារតីភ្ញាក់រលឹកពីប្រជាពលរដ្ឋគ្រប់រូបក្នុងសហគមន៍។
ឯកឧត្តម​បណ្ឌិត​ ថោង ខុន បានលើកឡើងដូច្នេះ ក្នុងឱកាសចុះពិនិត្យការដ្ឋានសាង់សង់ទីស្នាក់បក្សឃុំមួយចំនួន នៅក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោក នាថ្ងៃទី៨ ខែឧសភា។ ក្នុងពេលសំណាលជាមួយមន្ត្រីបក្សនៅតាមឃុំ ក្រៅពីការសួរសុខទុក្ខប្រជាពលរដ្ឋ លោក ថោង ខុន បានរំលឹកដាស់តឿនឲ្យមន្ត្រីបក្សគណបក្សប្រជាជនគ្រប់ថ្នាក់ក្នុងស្រុកទាំងពីរ ត្រូវខិតខំសហការជាមួយមន្ត្រីរដ្ឋបាលគ្រប់ថ្នាក់ ដើម្បីបន្តពុះពារប្រយុទ្ធ ប្រឆាំងយកជ័យជម្នះលើកូវីដឲ្យបាន។
ឯកឧត្តម​បណ្ឌិត​បានក្រើនរំលឹកថា ព្រមជាមួយយុទ្ធនាការចាក់វ៉ាក់សាំង និងការខិតខំព្យាបាលជំងឺដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខររាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជន បាននិងកំពុងខិតខំពុះពារ មិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃ ដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ សូមឲ្យទាំងអស់គ្នានៅមូលដ្ឋានទាំងរដ្ឋ បក្ស និងប្រជាជន ត្រូវចូលរួមឲ្យបានសកម្មខ្លាំងក្លាក្នុងយុទ្ធនាការ ៣កុំ ៣ការពារ ដោយភ្ញាក់រលឹក និងមានការយល់ដឹងច្បាស់លាស់ ហើយត្រូវធ្វើដោយសកម្ម និងជាប់ជាប្រចាំពីមនុស្សម្នាក់ទៅគ្រួសារមួយ ពីគ្រួសារមួយ ភូមិមួយទៅភូមិមួយ និងត្រូវមានការយល់ដឹង និងកំណត់ច្បាស់ថា ៣កុំ ៣ការពារ គឺជាអាវុធសក្តិសិទ្ធិមួយ ដើម្បីអាចប្រយុទ្ធឆាំងទប់ទល់កូវីដបាន ប៉ុន្តែការងារនេះ ត្រូវតែធ្វើដោយមានតស៊ូព្យាយាម និងត្រូវធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម ព្រោះ វាគឺជាការតស៊ូក្នុងការចាប់យកនូវការរៀនរស់នៅក្នុង ទម្លាប់ថ្មី គឺជាការតស៊ូដ៏លំបាកមួយក្នុងការកែប្រែ ទម្លាប់ចាស់ ដែលធ្លាប់មានយូរមកហើយ។
ទម្លាប់ថ្មីនេះ ពិតជានឹងជួយឲ្យយើងបានរស់គេចផុត ពីការស្លាប់ដោយកូវីដ ហើយវាក៏អាចនឹងក្លាយទៅជាទម្លាប់ និងប្រពៃណីដ៏ល្អសំរាប់ដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម វប្បធម៌ ទៅអនាគតផងដែរ។
ឯកឧត្តម​បណ្ឌិត​បានរំលឹកទៀតថា ព្រមជាមួយនឹងការអនុវត្តន៍យុទ្ធនាការ ៣កុំ ៣ការពារ ប្រជាពលរដ្ឋដែលទើបត្រឡប់មកពីតំបន់ផ្សេងៗ ចូលមកដល់មូលដ្ឋានភូមិរបស់ខ្លួន ត្រូវរាយការណ៍ឲ្យបានរហ័ស និងច្បាស់លាស់ដោយគ្មានលាក់លៀមជូនលោកប្រធានភូមិអំពីពត៌មាននានាទាក់ទងកូវីដ និងដំណើរបំលាស់ទីរបស់ខ្លួន។ ក្នុងគ្រប់ដំណាក់កាលត្រូវចេះស្រឡាញ់គ្នា ជួយយកអាសារ ជួយគ្អោយបានទាន់ពេលវេលា ហើយមិនត្រូវបង្ហាញឥរិយាបថរើសអើងណាមួយក្នុងសហគមន៍ឡើយ។
ឯកឧត្តម​បណ្ឌិត​ជឿជាក់ថា យុទ្ធនាការ ៣កុំ ៣ការពារ នឹងទទួលបានជោគជ័យ ហើយឃុំនីមួយៗត្រូវមានការបូកសរុបដកពិសោធខ្លីៗឲ្យញឹកញាប់ផងដែរ។
គួររំលឹកថា នៅពាក់កណ្តាលឆ្នាំ២០២២ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក្នុងនាមប្រធានក្រុមការងារគណបក្សប្រចាំស្រុកបារាយណ៍ និងស្រុកតាំងគោក ឯកឧត្តម​បណ្ឌិត​ ថោង ខុន នឹងជំរុញបញ្ចប់ការសាងសង់ទីស្នាក់ការ គណបក្សឃុំបួនទៀតនេះ គឺមានឃុំបល្លង្ក ឃុំចើងដើង ឃុំក្រវា ក្នុងស្រុកបារាយណ៍ និងឃុំស្រឡៅ ក្នុងស្រុកតាំងគោក ឲ្យបានចប់សព្វគ្រប់ក្នុងខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីបង្គ្រប់ឲ្យ១៨ឃុំក្នុងស្រុកបារាយណ៍ និងតាំងគោក មានស្នាក់ការបក្សគ្រប់ឃុំ៕
Facebook Notice for EU! You need to login to view and post FB Comments!