សាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់បុរសម្នាក់ នៅស្រុកពួក ពីបទការនាំចេញដោយមិនស្របច្បាប់ដោយឆ្លងដែនទៅប្រទេសថៃ !

សាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់បុរសម្នាក់ នៅស្រុកពួក ពីបទការនាំចេញដោយមិនស្របច្បាប់ដោយឆ្លងដែនទៅប្រទេសថៃ !

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋានគរបាលខេត្តសៀមរាប បានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត បានសម្រេចធ្វើការចោទប្រកាន់ បុរសម្នាក់ឈ្មោះ រិន រ៉ា អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិជួយចក្រី ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ព្រមទាំងបង្គាប់ឲ្យឃុំខ្លួនទៀតផង ខណ:ដែលបុរសរូបនោះ ជាប់សង្ស័យជាមេខ្យល់នាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់ ដែលប្រព្រឹត្តទៅកាលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ នៅចំណុចម្ដុំច្រករបៀងក្បែរអូរបីជាន់ ក្នុងខេត្តបន្ទាយមានជ័យ ។

លោក ជា ហេង បានឱ្យដឹងទៀតថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មានប្រជាពលរដ្ឋចំនួន ១៩នាក់ បានធ្វើចំណាកស្រុកដោយខុសច្បាប់ទៅប្រទេសថៃ ហើយត្រូវបានកម្លាំងនគរបាលការពារព្រំដែន និងទាហានការពារព្រំដែនខេត្តបន្ទាយមានជ័យចាប់ខ្លួនបាន។ ប្រជាពលរដ្ឋទាំងអស់នេះ ត្រូវបានបញ្ជូនត្រឡប់មកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ ខេត្តសៀមរាប ប៉ុន្តែដោយមានការសង្ស័យថាមានមេខ្យល់នាំឆ្លងដែនខុសច្បាប់ លេខាធិការដ្ឋានគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានស្នើសុំគោលការណ៍ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីធ្វើការស្រាវជ្រាវដោយជួបផ្ទាល់ជាមួយពលករទាំង១៩នាក់ នៅមណ្ឌលចត្តាឡីស័ក ឈានដល់កំណត់បានជនសង្ស័យជាមុខសញ្ញានាំឆ្លងដែន មានឈ្មោះ រិន រ៉ា ភេទប្រុស អាយុ៣៩ឆ្នាំនេះ ។

លោកវរសេនីយ៍ឯក បានឱ្យដឹងបន្ថែមទៀតថា ក្នុងចំណោមប្រជាពលរដ្ឋទាំង១៩នាក់ មានប្រជាពលរដ្ឋចំនួន១០នាក់នៅភូមិជួយចក្រី ឃុំត្រីញ័រ ត្រូវជនសង្ស័យឈ្មោះ រិន រ៉ា នាំពួកគាត់ឆ្លងដែនចូលទៅធ្វើការនៅក្នុងទឹកដីប្រទេសថៃ ដោយក្នុងម្នាក់ៗត្រូវបង់លុយចំនួន ៤,១០០បាត សម្រាប់ការនាំចូលទៅដល់កន្លែងធ្វើការមួយក្នុងចម្ការម្នាស់នៃប្រទេសថៃ និងត្រូវចំណាយលុយថ្លៃរថយន្តពីផ្ទះដល់ព្រំដែនរៀងខ្លួនៗផងដែរ ។ ផ្អែកតាមការបំភ្លឺរបស់ពលករទាំង១០នាក់ និងស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យជាមេខ្យល់ ព្រមទាំងផ្អែកតាមការពិនិត្យស្ថានភាពជាក់ស្តែង ក្នុងការឃាត់បានពេលកំពុងធ្វើដំណើររៀបឆ្លងដែននោះ ឈ្មោះ រិន រ៉ា ពិតជាបានធ្វើសកម្មភាពនាំប្រជាពលរដ្ឋ ដើម្បីលួចឆ្លងដែនតាមច្រករបៀងដោយខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថៃពិតមែន។

លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាប បានមានប្រសាសន៍ថា អនុវត្តតាមបទបញ្ជា និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ស្ដីពីការររឹតបន្តឹងនៅតាមច្រកព្រំដែន ដូចជាការនាំចេញនាំចូលពលករទៅក្រៅប្រទេសដោយខុសច្បាប់ ក្នុងដំណាក់កាលដែលប្រទេសជាប់ព្រំដែនមានការបិទខ្ទប់ ដោយសារការឆ្លងរាលដាលជាសកល នៃជំងឺកូវីដ-១៩នេះ ឯកឧត្ដមអភិបាលខេត្តសៀមរាប និងជាប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត តែងតែបានធ្វើការណែនាំ និងចង្អុលបង្ហាញដល់លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ឱ្យបង្កើនការគ្រប់គ្រង ការស្រាវជ្រាវ និងការបង្ក្រាបបទល្មើស នៃការនាំចេញនាំចូលប្រជាពលរដ្ឋដោយខុសច្បាប់តាមរយ:មេខ្យល់ រួមទាំងការស្រាវជ្រាវរកមេខ្យល់ឲ្យឃើញ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ ។

លោកស្រី បានបន្ថែមទៀតថា ក្រោមកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានទប់ស្កាត់ និង បង្ក្រាបទាន់ពេលវេលា នូវការឆ្លងដែនដោយខុសច្បាប់ អ្នកដែលស្វែងរកការងារនៅក្រៅប្រទេស ខណៈដែលកន្លងមក យើងបង្រ្កាបបានជាច្រើនករណី និងបញ្ជូនជនជាប់សង្ស័យជាមេខ្យល់ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ក្នុងឱកាសនេះដែរ លោកស្រីអភិបាលរងខេត្ត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមធ្វើការពិចារណាឲ្យបានល្អិនល្អន់ និងហ្មត់ចត់ជាមុនសិន មុននឹងសម្រេចចិត្តចង់ស្វែងរកការងារធ្វើនៅក្រៅប្រទេស ក្នុងដំណាក់កាលដែលជំងឺកូវីដ-១៩ កំពុងតែឆ្លងរាលដាលជាសកលយ៉ាងខ្លាំងក្លានៅឡើយនោះ ចៀសវាងការចាញ់បោកមេខ្យល់ ព្រោះវាមានហានីភ័យខ្ពស់ចំពោះខ្លួនយើង ហេតុនេះចូរព្យាយាមស្វែងរកការងារធ្វើនៅក្នុងប្រទេសយើងវិញ វាមានសុវត្ថិភាពសម្រាប់ខ្លួនយើង ។

សូមបញ្ជាក់ថា នេះជាករណីលើកទី២ ហើយសម្រាប់ឆ្នាំ២០២១នេះ ដែលសម្រេចបានក្នុងការងារគ្រប់គ្រង ស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃការនាំចេញនាំចូលប្រជាពលរដ្ឋដោយខុសច្បាប់តាមរយ:មេខ្យល់ រួមទាំងការស្រាវជ្រាវរកមេខ្យល់ និងនាំខ្លួនយកមកផ្តន្ទាទោសតាមនីតិវិធី នៃច្បាប់ ខណ:ដែលឆ្នាំ២០២០ បង្ក្រាបបានចំនួន ៧ករណី ៕

អត្ថបទ និងរូបភាព ៖ លោក លីវ សាន្ត កែសម្រួលឲ្យនោះសុខុន