អ្នកជំនាញ​មួយ​ក្រុម បានរួមគ្នាចេញលិខិតចំហរមួយ អំពាវនាវឲ្យ​រៀបចំបង្កើតក្រុមការងារស្រាវជ្រាវ ស្តីពីប្រភពនៃមេរោគកូរ៉ូណា

អ្នកជំនាញផ្នែក​ស្រាវជ្រាវមេរោគ ចំនួនជាង​២០នាក់ ដែលសុទ្ធតែត្រូវបានគេទទួលស្គាល់សមត្ថភាព​ពាសពេញពិភពលោក បានរួមគ្នា ចេញលិខិតចំហរមួយ អំពាវនាវ ឲ្យ​រៀបចំបង្កើតក្រុមការងារស្រាវជ្រាវ ស្តីពីប្រភពនៃមេរោគកូរ៉ូណាវីរុសថ្មី (Sars-CoV-2) ដែលបង្កជំងឺកូវីដ​១៩ ដោយផ្អែកលើ​គ្រប់សម្មតិកម្មទាំងអស់។

លិខិតនេះ បានអះអាងថា ក្រុមអ្នកជំនាញ​នៃអង្គការសុខភាពពិភពលោក មិនបានធ្វើការអង្កេតស្រាវជ្រាវ ប្រកបដោយតុល្យភាព ទាក់ទិននឹងសម្មតិកម្ម ដែលថាកូវីដ​១៩ អាចមានប្រភពធ្លាយចេញពីមន្ទីរពិសោធន៍។ អ្នកជំនាញដែលសរសេរលិខិតចំហរនេះ បានសង្កត់ធ្ងន់ថា គេត្រូវយកមកពិចារណា ស្វែងយល់ឲ្យ​បានគ្រប់ជ្រុងជ្រោយ និងប្រមូលទិន្នន័យ ឲ្យ​បានច្រើនបំផុត ទាក់ទិន​នឹង​​សម្មតិកម្មទាំងអស់ មិនថាសម្មតិកម្ម​ថាឆ្លងចេញពីធម្មជាតិ ឬ សម្មតិកម្មថាឆ្លងចេញពីមន្ទីរពិសោធន៍​នោះទេ។

គួររំលឹកថា រដ្ឋាភិបាលចិន បាន​ប្រកែកជាច្រើនលើកច្រើនសា ថា​កូវីដ​១៩ មិនមានប្រភពធ្លាយចេញពី​មន្ទីរពិសោធន៍នៅវូហាននោះទេ។ អ្នកជំនាញចិន ធានាអះអាងថា ពុំអាចទៅរួចទេ ដែលថាមេរោគបានបែកធ្លាយចេញពីមន្ទីរពិសោធន៍។ ក៏ប៉ុន្តែ កន្លងមកអ្នក​ស្រាវជ្រាវអនាមិកម្នាក់ បាន​ទំលាយ​ឯកសារស្រាវជ្រាវចំនួន​៣ បង្ហាញថា មន្ទីរពិសោធន៍ក្រុងវូហាន បាន​ស្រាវជ្រាវ និងធ្វើពិសោធន៍ផ្លាស់​ប្តូរ បំលែងភ្នាក់ងារជំងឺ នៃមេរោគកូរ៉ូណាវីរុសមួយចំនួន​។

តែយ៉ាងណាក៏ដោយ នៅក្នុងលិខិតចំហរ ចុះផ្សាយ​ដោយ​ទស្សនាវត្តី Science កាលពីថ្ងៃទី​១៣ឧសភា អ្នកជំនាញទាំងជាង​២០នាក់ បានទាមទារថា ត្រូវតែមានការស៊ើបអង្កេតដោយឯករាជ្យ ប្រកបដោយតម្លាភាព ឥតលម្អៀត៕

 

Facebook Notice for EU! You need to login to view and post FB Comments!