យានអវកាសរបស់ចិន ឈ្មោះ Tianwen-1 បានចុះចតដោយជោគជ័យ នៅលើភពព្រះអង្គារ

គួរកត់សំគាល់ថា ការបញ្ជាយានអវកាស ឲ្យចុះចតនៅលើភព​ព្រះអង្គារ ដែលមានចំងាយប្រមាណ​២០០លានគីឡូម៉ែត្រ ពីភពផែនដី គឺមិនមែនជារឿងងាយស្រួលទេ។ ចិន គឺជាប្រទេសអាស៊ីដំបូងគេបង្អស់។ កាលពីឆ្នាំ​២០១១ ចិនបាន​សាកល្បងសហការជាមួយរុស្ស៊ី ដើម្បីបង្ហោះយានរ៉ូបូទៅ​ភពព្រះអង្គារ ក៏ប៉ុន្តែគម្រោងនេះ ត្រូវបិទចោលទៅវិញ ហើយក៏បានជំរុញឲ្យចិន ប្តេជ្ញាធ្វើបេសកកម្មនេះ តែម្នាក់ឯង។

បេសកកម្មយាន Tianwen-1 បានចាប់ផ្តើមនៅខែ​កក្កដា ឆ្នាំ២០២០​ ដោយយាននេះ មានផ្គុំដោយ​៣ផ្នែក គឺផ្នែកដែលផ្តាច់ខ្លួនអណ្តែតលើខ្សែគន្លងរបស់ភពព្រះអង្គារ ជើងទម្រចុះចត និងរ៉ូបូ  « Zhurong » ដែលមានទំងន់២៤០គីឡូក្រាម។ រ៉ូបូ  « Zhurong » មានតួនាទីថតរូបភាព និងស្រាវជ្រាវពីសណ្ឋានដី នៅលើភពព្រះអង្គារ និងស្វែងរកតឹកតាង អំពីទម្រង់ជីវិត ដែលធ្លាប់មាននៅលើភពក្រហមនេះ។ រ៉ូបូនេះ មានបំពាក់ដោយផ្ទាំងកញ្ចក់ ដើម្បីផលិតថាមពលអគ្គិសនី ហើយអាចមានថាមពលដើរបាន​៣ខែ មានកាម៉េរ៉ាសម្រាប់ថតរូប មានប្រព័ន្ធរ៉ាដា និងប្រព័ន្ធឡាហ្សែរផងដែរ ដើម្បីវិភាគបរិយាកាស និង​ ថ្ម នៅលើភពព្រះអង្គារ។

គួររំលឹកថា ចិនកំពុងតែផ្តោតការប្រឹងប្រែងបំផុត នៅក្នុងវិស័យស្រាវជ្រាវអវកាស ដើម្បីតាមឲ្យទាន់សហរដ្ឋអាេមរិក រុស្ស៊ី និងអឺរ៉ុប។ ឆ្នាំ​២០២២ ចិននឹងចាប់ផ្តើម ផ្គុំស្ថានីយ៍អវកាសមួយរបស់ខ្លួន នៅលើខ្សែគន្លងផែនដី។ ចិនក៏មានគម្រោងបង្ហោះនាំមនុស្សទៅកាន់ឋានព្រះចន្ទផងដែរ ក្នុងរវាង១០ឆ្នាំខាងមុខ។ លោកស៊ី ជីនពីង ប្រធានាធិបតីចិន បានឆក់ឱកាសនេះអបអរ និងឃោសនាកាន់តែខ្លាំង អំពីមោទនភាពនៃស្នាដៃរបស់​គណបក្សកុម្មុយនីស្តចិន៕

 

Facebook Notice for EU! You need to login to view and post FB Comments!