យោងតាមព័ត៌មានចុងក្រោយ៖ ​ខាងប៉ាឡេស្ទីន​ មានស្លាប់១៧៤នាក់ ក្នុងនោះមានកុមារ៤៧នាក់ រីឯអ៊ីស្រាអែលវិញ មានស្លាប់១០នាក់ ក្នុងនោះកុមារ ២នាក់

យោងតាមព័ត៌មានចុងក្រោយបង្អស់ ផ្តល់ឲ្យដោយអាជ្ញាធរសុខាភិបាល​តំបន់ហ្កាហ្សា គឺនៅរវាងថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យនេះ មាន​មនុស្ស​១៧នាក់បានស្លាប់នៅតំបន់ហ្កាហ្សា។ ដូច្នេះតួលេខសរុប គឺខាងប៉ាឡេស្ទីន​ មានស្លាប់១៧៤នាក់ ក្នុងនោះមានកុមារ៤៧នាក់។ ចំណែកអ្នករបួសវិញ មានប្រមាណ​១២០០នាក់ នៅតំបន់ហ្កាហ្សា។ រីឯខាងអ៊ីស្រាអែលវិញ មានស្លាប់១០នាក់ ក្នុងនោះកុមារ ២នាក់។

នៅវេលាយប់ថ្ងៃសៅរ៍ ក្រុមហាម៉ាស បានបាញ់រ៉ូកែតមកខាងអ៊ីស្រាអែល ប្រមាណ​១២០គ្រាប់ តែភាគច្រើន ត្រូវ​ប្រព័ន្ធខែលមីស៊ីលរបស់អ៊ីស្រាអែល ចាប់ជាប់នឹងកំទេចបាន។ ក្រុមហាម៉ាសអះអាងថាគេសងសឹងចំពោះការដែរ កងទ័ពអ៊ីស្រាអែល បានបាញ់មីស៊ីលកំទេចអាគារមួយកន្លែង ដែលជាទីតាំងការិយាល័យអ្នកកាសែត របស់បណ្តាញទូរទស្សន៍ Al Djazira និង ទីភ្នាក់ងារព័ត៌មានអាមេរិក Associated Press។

នៅវេលាទាបភ្លឺ ថ្ងៃអាទិត្យនេះ អ៊ីស្រាអែល បានបាញ់មីស៊ីលជាច្រើនគ្រាប់ ទៅកាន់ទីតាំងមួយចំនួនរបស់ក្រុមហាម៉ាស។ កងទ័ពអ៊ីស្រាអែល អះអាងថា គេបានកំទេចផ្ទះស្នាក់នៅរបស់ មេក្លោងដ៏សំខាន់មួយរបស់ក្រុមហាម៉ាស ឈ្មោះ Yahya Sinouar ដែលត្រូវបានគេតែងតាំង កាលពីខែមីនាកន្លងទៅ ជាប្រធានការិយាល័យនយោបាយ របស់ក្រុមហាម៉ាស។ ប្រភពពីក្រុមសន្តិសុខប៉ាឡេស្ទីន បានអះអាងថា ផ្ទះរបស់លោកYahya Sinouar ពិតជាត្រូវកំទេចដោយមីស៊ីលរបស់អ៊ីស្រាអែលមែន។ តែមិនទាន់មានដំណឹងបញ្ជាក់ថា មានមនុស្ស​ស្លាប់ឬក៏អត់ទេ។