របាយការណ៍​របស់​អង្គការការពារ​ជនជាតិអ៊ុយហ្គួរ បង្ហាញថា នៅខេត្ត​ស៊ីនជាំង អាជ្ញាធរ​ចិនបាន​រំលោភធ្ងន់ធ្ងរ​សិទ្ធិគោរព​សាសនា

ចាប់ខ្លួន ព្រោះតែ​បានរៀនទេវវិទ្យា នៅបរទេស។ ជាប់ពន្ធនាគារ​ក៏ដោយសារ ធ្វើជា​អ៊ីមាំ មានគម្ពីរ កូរ៉ាន ក្នុងដៃ។ តាមរបាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​អ៊ុយហ្គួរ នេះគឺ​ជាអ្វី​ដែលអ្នកកាន់សាសនា​អ៊ីស្លាម កំពុង​ជួបប្រទះ​នៅប្រទេស​ចិន។

 

តាម​របាយការណ៍​ខាងលើ អ៊ីម៉ាំ ឬ​គ្រូដឹកនាំសាសនា​អ៊ីស្លាម និង​អ្នកកាន់​សាសនា​អ៊ីស្លាម ដែលមាន​កំណើត​ជា​ជនជាតិ​អ៊ុយហ្គួរ និង​កាហ្សាក់ នៅខេត្ត​ស៊ីនជាំង ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់ដាក់ពន្ធនាគារ។ នៅក្នុង​ចំណោមនោះ មាន ១៨នាក់​ស្លាប់​នៅក្នុង​ពេល​ជាប់ឃុំ។ តាម​អង្គការ Uyghur Human Rights Project ក្នុង​ចំណោម​ អ៊ីម៉ាំ គ្រូសាសនា​អ៊ីស្លាម ៣០០នាក់ ដែល​ត្រូវ​តុលាការ​ចិន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ មាន ៩៦% ត្រូវ​ជាប់ទោស ជាប់ពន្ធនាគារ លើសពី​៥ឆ្នាំ។ ដូច្នេះ គេ​អាច​និយាយ​បានថា មួយភាគបី នៃ អ៊ីម៉ាំ ឬ​អ្នកកាន់សាសនា​អ៊ីស្លាម ដែល​អង្គការ​បានស្វែងរកឃើញ​ដាន កំពុង​ជាប់ពន្ធនាគារ រយៈពេល​វែង ដោយសារ​តែ​ពួកគេ បាន​គោរពជឿ​អនុវត្ត សាសនា។

នៅមុន​ចេញផ្សាយ​របាយការណ៍​ស្តីពីការគាបសង្កត់​ផ្នែកសាសនា​នៅ ស៊ីនជាំង អាជ្ញាធរ​ចិនធ្លាប់​បាន​បដិសេធ​ការចោទប្រកាន់ និង​បានបង្ហាញ​វីដេអូ ទាក់ទង​នឹង​បុណ្យ​តមអាហារ របស់​អ្នកកាន់សាសនា​អ៊ីស្លាម​នៅ​ខេត្តស៊ីនជាំង។ នៅក្នុង​វីដេអូ គេឃើញ ប្រជាជន​អ៊ុយហ្គួរ រាំច្រៀង ប្រារព្ធ​ពិធីបុណ្យតម​អាហារ និង​ចូល​ទៅ​សូត្រធម៌​ជាធម្មតា នៅក្នុង​វិហារអ៊ីស្លាម ។

ប៉ុន្តែ សម្រាប់ ប្រធាន​សមាជពិភពលោក​នៃជនជាតិអ៊ុយហ្គួរ នោះគឺ​គ្រាន់តែ​ជារូបភាព​ឃោសនា ប្រឌិត បោកបញ្ឆោត ក្លែងបន្លំ​តែប៉ុណ្ណោះ។ នៅ​ថ្ងៃចាប់ផ្តើម​បុណ្យ​អាហារ ជនជាតិ​អ៊ុយហ្គួរ ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់បង្ខំ​ឲ្យទៅ​វិហារ ទៅលើ​បង្ហូតទង់ជាតិ​ចិន និង សូត្រធម៌ ​ដើម្បីចង់​បំភ័នភ្នែក​អន្តរជាតិ ក្នុង​ន័យថា ជនជាតិ​អ៊ុយហ្គួរ​កំពុង​សប្បាយរីករាយ​នឹង​សេរីភាព​សាសនា​នៅ​ប្រទេសចិន៕

ប្រភព៖​​​​​​ RFI