កងជីវពល​ភូមា ដែល​ប្រឆាំង​របបសឹក​ បាន​បង្ខំចិត្ត​ដកថយ ជៀសវាងកុំ​ឲ្យមនុស្សស្លាប់ច្រើន ដោយសារ​ការទម្លាក់គ្រាប់​របស់​កងទ័ព​ភូមា

នៅប៉ុន្មានថ្ងៃ​មកនេះ កងទ័ព​ភូមា បានបើកការវាយប្រហារ បាញ់គ្រាប់ផ្លោង ទៅលើ​ទីក្រុង​Mindat ក្នុង​រដ្ឋឈីន ក្បែរព្រំដែន​ប្រទេស​ឥណ្ឌា ដោយបាន​សម្លាប់ សមាជិក​ឧទ្ទាម​៥នាក់ និង​របួស ជាង​១០នាក់។ តាម​អ្នកនាំពាក្យ​របស់​ក្រុមឧទ្ទាម ទីក្រុង​Mindat បាន​ធ្លាក់ទៅក្នុងដៃ​របស់​កងទ័ព​ភូមា នៅថ្ងៃ​អាទិត្យ។ រាល់ក្មេងប្រុសជំទង់ និង​មនុស្ស​ប្រុស​បានដកខ្លួន​ថយ ទៅ​លាក់ខ្លួន ក្នុងព្រៃ ដោយ​បន្សល់ទុក​នូវ តែកុមារ និង​មនុស្សស្រី នៅទីក្រុងMindat ដែលមាន​ប្រជាជន​សរុប ជាង​៤ម៉ឺននាក់។

កងកម្លាំង​ការពារ ទឹកដី ឈីន Chinland Defence Force ជា​ក្រុមឧទ្ទាម​ថ្មី មួយទៀត ដែល​​កើតចេញមកពី ចលនា​ប្រឆាំង​របបសឹកភូមា។ របបសឹក​ដែលបាន​ធ្វើ​រដ្ឋប្រហារយោធា​ទម្លាក់ រដ្ឋាភិបាលស៊ីវិល ដឹកនាំ​ដោយលោកស្រី អ៊ុងសាន ស៊ូជី។ ក្រុម​ការពារទឹកដីឈីន បាន​ប្រកាស តាំង​ខ្លួន​ជា​សមាជិក​គាំទ្រ រដ្ឋាភិបាល​បង្រួបបង្រួមជាតិ​ភូមា ដែល​បង្កើតឡើង​ដោយ​អតីត​សមាជិក​រដ្ឋាភិបាល របស់​លោកស្រី​អ៊ុងសាន ស៊ូជី។

ប៉ុន្តែ ជាមួយ អាវុធ តិចតួច និង កាំភ្លើងច្នៃ ផលិត​ដោយដៃ ដែល​ក្រុមនេះ​បានទទួល​ពីខាង​ក្រុមឧទ្ទាមជនជាតិ​ភាគតិច​ដទៃទៀត ក្រុមឧទ្ទាម​ការពារ​ទឹកដី​ឈីន មិនអាច​ប្រយុទ្ធយកឈ្នះ កងទ័ព​ភូមា ដែល​មានអាវុធ​ទំនើប ប្រើ​រថក្រោះ និង​យន្តហោះចម្បាំង​នោះទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ក្រុមនេះ បាន​សន្យា ថា នឹងវិលត្រលប់​មក​សងសឹក វិញ នាពេលខាងមុខ។

នៅថ្ងៃ អាទិត្យ រដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែល​ប្រឆាំងរបបសឹក បាន​អំពាវនាវ​ស្វែងរកជំនួយ និង​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ ​អន្តរាគម ជួយ​បិទ​បញ្ចប់អំពើហិង្សា ដើម្បីការពារ​ជីវិត​ប្រជាជន​ស៊ីវិល នៅ​Mindat។ នៅថ្ងៃ​អាទិត្យ​ដដែល ឯកអគ្គរដ្ឋទូត អាមេរិក និងអង់គ្លេស​ប្រចាំភូមា បាន​សំដែងការក្តីបារម្ភ ពីជោគវាសនា​របស់​ប្រជាជន​ស៊ីវិល នៅទីក្រុង​Mindat ដែលពេលនេះ ធ្លាក់ក្នុងកណ្តាប់ដៃ​គ្រប់គ្រង​របស់​កងទ័ពភូមា។ នៅក្នុង​សេចក្តីថ្លែងការណ៍ ឯកអគ្គរដ្ឋទូត​អាមេរិក បាន​និយាយ​ថា ការប្រើអាវុធធ្វើសង្រ្គាម​ទៅលើ​ប្រជាជន​ស៊ីវិល និង អំពើហិង្សា​នៅ​សប្តាហ៍នេះ នៅ​ទីក្រុង​Mindat បង្ហាញថា របបសឹក​ត្រៀមខ្លួន​ធ្វើអ្វីគ្រប់យ៉ាង ដើម្បី រក្សាអំណាច​របស់ខ្លួន នៅភូមា៕