រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលអង់គ្លេស អះអាង ថាវ៉ាក់សាំងនឹងមានប្រសិទ្ធិភាព​ទប់ជាមួយ​កូវីដ១៩ ទម្រង់បំប្លែងខ្លួនមកពីឥណ្ឌា

លោក Matt Hancock រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលអង់គ្លេស បានទទួលស្គាល់ថា កូវីដ​១៩ទម្រង់បំប្លែងខ្លួនមកពីឥណ្ឌា អាចមានឆ្លងរាលដាលយ៉ាងរហ័ស ក្នុងពេលដ៏ខ្លី ព្រោះតាម​ការសន្និដ្ឋានរបស់អ្នកជំនាញ គឺវាមានកម្លាំងឆ្លងខ្លាំងជាងកូវីដ​១៩ទម្រង់ដើម និងកូវីដ១៩ទម្រង់បំប្លែងខ្លួនអង់គ្លេសទៅទៀត។ ក៏ប៉ុន្តែ លោកបានអះអាងថា រដ្ឋាភិបាលមានទំនុកចិត្ត ថាវ៉ាក់សាំងនឹងមានប្រសិទ្ធិភាព​ទប់ជាមួយ​កូវីដ១៩ ទម្រង់បំប្លែងខ្លួនមកពីឥណ្ឌា។ ហេតុដូច្នេះ វាជាការចាំបាច់បំផុត ដែលត្រូវតែបន្តការប្រឹងប្រែងចាក់វ៉ាក់សាំង។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី​១៦ឧសភា នៅប្រទេសអង់គ្លេស ចំនួន​អ្នកទទួលបានវ៉ាក់សាំង១ដូស គឺមាន​៣៦លាននាក់ និងបានទទួលគ្រប់២ដូស គឺមាន​២០លាននាក់។ ក្នុងន័យ​ប្រុងប្រយ័ត្នជាមួយ​កូវីដ១៩ ទម្រង់បំប្លែងខ្លួនមកពីឥណ្ឌា អាជ្ញាធរសុខាភិបាលអង់គ្លេស បាន​បង្ខិតគំលាតចាក់វ៉ាក់សាំងទាំង២ដូស ពី៣ខែ មកនៅត្រឹម២ខែវិញ សម្រាប់អ្នកមានអាយុលើសពី៥០ឆ្នាំឡើងទៅ។ តំបន់ដែលមានការឆ្លងរាលដាល មេរោគនេះខ្លាំង អាជ្ញាធរអង់គ្លេសបានបង្កើនសមត្ថភាពធ្វើតេស្ត។

យោងតាម​គណកម្មាធិការវិទ្យាសាស្ត្រ ដែលផ្តល់ប្រឹក្សាដល់រដ្ឋាភិបាលអង់គ្លេស គឺ កូវីដ​១៩ទម្រង់បំប្លែងខ្លួនមកពីឥណ្ឌា អាចមានកម្លាំងឆ្លងរាលដាល លើស​កូវីដ១៩ទំរង់បំប្លែងខ្លួន​អង់គ្លេស ប្រមាណជា៥០%។ ប្រការនេះបានធ្វើឲ្យ​មានការព្រួយបារម្ភជាខ្លាំង ខ្លាចថា អង់គ្លេសនឹងត្រូវគ្របសង្កត់ដោយរលកឆ្លងរាលដាលខ្លាំងជាថ្មីម្តងទៀត ដូចកាលពីចុងឆ្នាំ​២០២០៕