រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក នៅ​មិន​ទាន់​ជំរុញ​ឲ្យ​មាន​បទ​ឈប់បាញ់​ រវាងប្រទេស​អ៊ីស្រាអែល​និង​ក្រុម​សកម្មជន Hamas ​នោះ​ទេ

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក​ Antony Blinken បានបញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា​ សហរដ្ឋ​អាមេរិក​ នៅ​មិន​ទាន់​ជំរុញ​ឲ្យ​មាន​បទ​ឈប់បាញ់​ជា​បន្ទាន់​មួយរវាងប្រទេស​អ៊ីស្រាអែល​និង​ក្រុម​សកម្មជន Hamas ​ដែល​គ្រប់គ្រង​តំបន់ Gaza នោះ​ទេ​ ស្រប​ពេលដែល​ការ​ប្រយុទ្ធ​គ្នារវាង​ភាគី​ទាំង​ពីរ​ បាន​ចូល​ដល់​សប្តាហ៍​ទី​២​ហើយ ដោយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណជាង​២០០​នាក់​បានស្លាប់​ ដែល​ភាគ​ច្រើន​ជាជន​ជាតិ​ប៉ាឡេស្ទីន​ក្នុង​តំបន់ Gaza នោះ។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ AP។ ​

ជំហរ​របស់រដ្ឋមន្ត្រី​ការបរទេសអាមេរិក​រូប​នេះ​ កើត​មាន​ឡើង ទោះ​បីមាន​សម្ពាធ​កើន​ឡើងពីដៃគូរបស់​សហរដ្ឋ​អាមេរិកក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ពី​មន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​និង​មន្ត្រី​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ Joe Biden​ មួយ​ចំនួន​ ក៏​ដូចជា​ពី​មេដឹកនាំ​ពិភពលោកផ្សេងៗ​ទៀត​ផង​ដែរ​ ដែល​ស្នើ​ឲ្យ​បង្កើន​សកម្មភាពការ​ទូតថែម​ទៀត​ ដើម្បី​បញ្ចប់​នូវអំពើ​ហិង្សា​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ មិន​ធ្លាប់​មាន​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​ និង​ស្តារ​ឡើង​វិញនូវដំណើរការសម្របសម្រួល​មួយ​ដែល​បាន​ដួល​រលំ​ទៅ​ហើយ​នោះ​ ដើម្បី​ធ្វើ​ឲ្យ​មាន​សន្តិភាព​ដ៏​យូរ​អង្វែង​មួយនៅ​ក្នុង​តំបន់​នោះ។​