មេខ្យល់ពីរនាក់ទៀតត្រូវបានចាប់ខ្លួនដោយកងកម្លាំងកងពលតូចថ្មើរជើងលេខ៥៣

មេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ពីរនាក់ត្រូវបានចាប់ខ្លួនដោយកងកម្លាំងកងពលតូចថ្មើរជើងលេខ៥៣។
វរសេនីយ៍ឯក សុខ ដែន មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៥៣ មេបញ្ជាការទិសស្រុកកំរៀងបានឲ្យដឹងថា អនុវត្តតាមបទបញ្ជា ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពល ឲ្យរឹតបន្តឹងសន្តិសុខព្រំដែនទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ ជាពិសេសស៊ើបអង្កេតស្វែងរកមុខសញ្ញាមេខ្យល់ ចាប់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។
លោកបន្តថា ក្នុងនាមលោកគឺមេបញ្ជាការទិស លោកបានបញ្ជាកម្លាំងគ្រប់គោលដៅល្បាត២៤ម៉ោងលើ២៤ម៉ោងមិនឲ្យធ្វេសប្រហែសឡើយ។
ជាក់ស្តែងមេខ្យល់ពីរនាក់ ត្រូវបានចាប់ខ្លួន មេខ្យល់ទី១ មានឈ្មោះ មាន រឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងមេខ្យល់ទី២ ឈ្មោះ សេង តាក់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ពួកគេ ត្រូវបានចាប់ខ្លួននៅចំណុចដើមអំពិលទឹក ស្ថិតក្នុងភូមិសាស្ត្រភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដឹកនាំដោយអនុសេនីយ៍ទោ សាន សុភក្តិ មេបញ្ជាការរង កងអនុសេនាធំទី១ វរសេនាតូចលេខ៥៣៤ កងពលតូចថ្មើរជើងលេខ៥៣។
សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ ត្រូវបានបញ្ជូនទៅបំពេញភារកិច្ចសហការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ កងកម្លាំងកងពលឃាត់ខ្លួនមេខ្យល់បានចំនួនសរុប១៣នាក់ និងឃាត់ខ្លួនពលករឆ្លងដែនខុសច្បាប់បញ្ជូនទៅមណ្ឌលចត្តាឡីស័ក ក្នុងឆមាសទី១​ ឆ្នាំ​២០២១ ទិសស្រុកកំរៀងសរុបចំនួន ៩,៧៨៩នាក់​, ស្រីចំនួន​៣៩៣៦​នាក់ កុមារ​ចំនួន​១០៧៨នាក់។ ក្នុងនោះទិសស្រុកភ្នំព្រឹកសរុបចំនួន ២១២នាក់​​ ស្រីចំនួន​៨៧នាក់​ និងកុមារចំនួន២០នាក់។ ទិសស្រុកសំពៅលូនសរុបចំនួន ៨០៤​នាក់​ ស្រី​៣៦៧នាក់​ និងកុមារ​៤៨នាក់៕
Facebook Notice for EU! You need to login to view and post FB Comments!