រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ ថ្ងៃឆ្លងឆ្នាំសកល នៅទូទាំង​ប្រទេសទទួលបានភ្ញៀវទេសចរជាង១លាននាក់

ក្នុងឱកាសឆ្លងឆ្នាំសកល២០២១ ឆ្លងចូល២០២២ នៅទូទាំងប្រទេសកម្ពុជា ទទួលបាន​ភ្ញៀវ​ទេសចរសរុបជាង១លាន ១សែននាក់ ក្នុងនោះរាជធានីភ្នំពេញ និងខេត្តសៀមរាប គឺមានអ្នក​ចូលទស្សនាច្រើនជាងគេ។ នេះបើយោងតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ឱ្យដឹង នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។

បើតាឯកឧត្ដម ថោង ខុន បានលើកឡើងថា ស្ថិតិភ្ញៀវទេសចរនាឱកាសឆ្លងឆ្នាំសកល ២០២១ ឆ្លងចូល ២០២២ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២២) ភ្ញៀវទេសច​រសរុបមានចំនួន ១ ១៤៥ ១៤១ នាក់ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ១ ១៣៩ ៣៨៧ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៥ ៧៥៤ នាក់។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា យោង​តាមតួលេខខាងលើឃើញថាមានការកើនឡើងដល់ទៅ ៦៣.៦៥ភាគរយ ធៀបនឹងឱកាស​ឆ្លងឆ្នាំសកល២០២០ឆ្លងចូល២០២១។ ជាមួយការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ​នាពេលកន្លងមក រដ្ឋបាលរាជធានី-ខេត្ត រដ្ឋបាលក្រុង-ស្រុកមួយចំនួនបានរៀបចំជាពិធី​អបអរ​សាទ និងទទួលអំណរឆ្នាំថ្មី ការប្រគុំតន្រ្តី ការតុបតែងលម្អទីក្រុង និងដាក់ភ្លើងបំភ្លឺជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ចំពោះរាជធានីភ្នំពេញ តាមការវាយតម្លៃបឋមរបស់អាជ្ញាធរ មានប្រជាពលរដ្ឋជាង៣៦ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជា នៅតំបន់​កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វា វិមានឈ្នះ-ឈ្នះ និងពហុកី​ឡាដ្ឋានជាតិមរតកតេជោជាដើម។

ឯកឧត្ដមបានថ្លែងបញ្ជាក់ថា គោលដៅទេសចរណ៍នានានៅទូទាំងប្រទេសសុទ្ធតែ​ទទួល​បាន​ចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និង​បឹងហ្គាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ ១០០ភាគរយ ខណៈដែលមូលដ្ឋានអាជីវកម្ម​ទេស​ចរណ៍ផ្សេងៗក៏បានបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញកាន់តែច្រើនឡើង។ ដោយ​ឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន ដោយមានការ​ទទួលទានអាហារ-ភេសជ្ជៈ ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ-មិត្តភក្តិ ខ្លះទៀតក៏បានចេញ​ទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋានផាប់ (Pub) និង Sky Bar នានា។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថា គ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍បានខិតខំអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរ​មា (SOP) ក្រោមការចុះពិនិត្យ អប់រំ និងណែនាំពីរដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍​ទាំង២៥រាជធានី-ខេត្ត។ ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ និងចរាចរណ៍ជាដើម​មានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេនៅ​យប់​ឆ្លងឆ្នាំនេះ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានរៀបចំកម្លាំងប្រចាំ​ការនៅតាម​ទីតាំងសំខាន់ៗក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្ដម ថោង ខុន បានអះអាងថា​ បន្ទាប់ពីថ្ងៃឆ្លងឆ្នាំនេះហើយ ភ្ញៀវទេសចរ​និង​ប្រជា​ពលរដ្ឋនឹងបន្តដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានារហូតដល់ចុងសប្តាហ៍នេះ។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍បានបង្ហាញឱ្យដឹងថា សម្រាប់គោល​ដៅ​ទេសចរណ៍សំខាន់ៗមួយចំនួនក្នុងឱកាសឆ្លងឆ្នាំសកល២០២១-២០២២ រួមមាន៖ រាជធានី​ភ្នំពេញ ៣៦៥ ៦៥៣ នាក់ ខេត្តសៀមរាប ១៨៩ ៤៣៦ នាក់ ខេត្តកំពត ៩៦ ១៣៨ នាក់ ខេត្តកំពង់ស្ពឺ ៨០ ១០០ នាក់ ខេត្តកំពង់ឆ្នាំង ៧១ ៨៦៩ នាក់ ខេត្តកែប ៦៦ ១៣៥នាក់ និង ខេត្ត​ព្រះសីហនុ ៥៥ ៧១៧នាក់៕