កម្មវិធីមេរោគ RedLine កំពុងត្រូវបានចែកចាយតាមរយៈវិធី Excel របស់ក្រុមហ៊ុន Microsoft

កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញកម្មវិធីមេរោគ RedLine ដែលអាចលួចយកលេខសម្ងាត់របស់អ្នកប្រើប្រាស់ពីកម្មវិធីសម្រាប់ចូលទៅក្នុងគេហទំព័រ (web browsers) ល្បីៗមួយចំនួនមានដូចជា Google Chrome, Opera, Naver Whale, និង Microsoft Edge។

កម្មវិធីមេរោគ RedLine ត្រូវបានពួកគេរកឃើញថា មានដាក់លក់នៅក្នុងទីផ្សារងងឹត ត្រឹមតែតម្លៃប្រហែល ២០០ដុល្លារអាមេរិកនោះ អាចឱ្យក្រុមជនខិលខូចប្រើកម្មវិធីនេះដើម្បីលួចទាញយកលេខសម្ងាត់ដែលបានរក្សាទុកនៅក្នុងកម្មវិធីសម្រាប់ចូលទៅក្នុងគេហទំព័រ។ ក្រៅពីលួចទាញយកលេខសម្ងាត់ដែលបានរក្សាទុកនៅក្នុងកម្មវិធី មេរោគនេះក៏អាចធ្វើកំណត់សម្គាល់ទៅលើគេហទំព័រណាដែលអ្នកប្រើប្រាស់បានចូលទៅមើល ប៉ុន្តែមិនបានរក្សាទុកលេខសម្ងាត់ ដើម្បីពួកគេអាចប្រើវិធីសាកល្បងស្មានលេខសម្ងាត់ (credential stuffing) ដែលពួកគេទាញយកពីគេហទំព័រមួយចំនួនទៀត។

មេរោគប្រភេទនេះគឺជាការគំរាមកំហែងផ្នែកសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ដែលប៉ះពាល់ដល់ស្ថាប័ន ក្រុមហ៊ុន ក៏ដូចជាអ្នកប្រើប្រាស់ទូទៅ។ ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា សូមលោកអ្នកកុំទាញយក ឬបើកឯកសារណាដែលមិនមានប្រភពច្បាស់លាស់។ ម្យ៉ាងវិញទៀតលោកអ្នកក៏គួរតែចៀសវាងរក្សាទុកលេខសម្ងាត់នៅក្នុងកម្មវិធី web browsers៕

ប្រភព៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

 

Facebook Notice for EU! You need to login to view and post FB Comments!