សូមប្រុងប្រយ័ត្នជាមួយនឹងអុីម៉ែល ឬសារក្លែងបន្លំជាសារមកពីក្រុមហ៊ុនអភិវឌ្ឍកម្មវិធីការពារមេរោគ

Phishing គឺជាការផ្ញើអុីម៉ែលក្លែងក្លាយដើម្បីបោកបញ្ឆោតជនរងគ្រោះឱ្យចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងអុីម៉ែល ដើម្បីលួចយកឈ្មោះសម្គាល់និងលេខសម្ងាត់សម្រាប់ចូលទៅក្នុងគណនីមួយចំនួន ឬដើម្បីអាចឱ្យក្រុមជនខិលខូចបញ្ចូលកម្មវិធីមេរោគទៅក្នុងកុំព្យូទ័របាន។

ទោះបីជាការបោកបញ្ឆោតតាមរយៈ phishing ត្រូវបានជនខិលខូចប្រើជាច្រើនទសវត្សរ៍មកហើយក្ដី ប៉ុន្តែការបោកបញ្ឆោតតាមរបៀបនេះគឺនៅតែមានចំនួនច្រើន។ ដូចកាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវបានរកឃើញ មានជនខិលខូចបានផ្ញើអុីម៉ែលបន្លំធ្វើជាអុីម៉ែលមកពីក្រុមហ៊ុន McAfee ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីការពារមេរោគដ៏ល្បីមួយ។ នៅក្នុងអុីមែលនោះជនខិលខូចបានធ្វើការបំភិតបំភ័យជនរងគ្រោះថា សុពលភាពក្នុងការប្រើប្រាស់របស់កម្មវិធី McAfee ត្រូវបានផុតកំណត់ហើយកុំព្យូទ័ររបស់ពួកគេត្រូវបានរកឃើញថាមានមេរោគ។ ដើម្បីបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ឱ្យចុចនៅលើតំណភ្ជាប់ភ្លាមៗនោះ ពួកគេក៏បានប្រើវិធីសាស្រ្តបញ្ចុះតម្លៃដើម្បីបន្តប្រើកម្មវិធី ប៉ុន្តែនៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់នោះវានឹងបើកគេហទំព័រមួយដែលអាចឱ្យពួកគេបញ្ចូលកម្មវិធីមេរោគទៅវិញ។

ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ទាំងឡាយណាដែលលោកអ្នកទទួលបានតាមរយៈអុីមែល ឬតាមរយៈកម្មវិធីទំនាក់ទំនងសង្គម ជាពិសេសសូមកុំចុចនៅលើតំណភ្ជាប់ដែលលោកអ្នកជួបប្រទះនៅក្នុងគេហទំព័រមួយចំនួនដែលមិនមានប្រភពច្បាស់លាស់៕