ប្រយ័ត្នទាំងអស់គ្នា! ក្រុមគ្រូពេទ្យចុះទាំងយប់ យកសំណាកអ្នកពាក់ព័ន្ធអូមីក្រុង ៩ នាក់…(មានវីដេអូ)

ក្រុម​ការងារ​មន្ទីរ​សុខាភិបាល ​នៃ​រដ្ឋបាល​ខេត្ត​បាត់ដំបង​ ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​សង្កែ​ និង ​បាត់ដំបង​ បានចុះ​យក​សំណាក​ និង ​ស្រាវជ្រាវ​ចំពោះ​អ្នក​ពាក់ព័ន្ធ​នឹង​វីរុស​បំប្លែង​ខ្លួន​ថ្មី​អូមីក្រុង​ (Omicron)នៅយប់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ ។

ក្នុងនោះបើតាមការបញ្ជាក់ពី ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ លោកបានទៅដល់ទីតាំងនៅភូមិបោះពោធិ៍ ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីស្រាវជា្រវអ្នកដែលពាក់ព័ន្ធ ប៉ះពាល់ជាមួយករណីវិជ្ជមានអូមីក្រុង លើជនជាតិស្វីសចំនួន ០២ នាក់ ដែលគាត់បានធ្វើដំណើរឆ្លងកាត់ខេត្តបាត់ដំបង។

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងរូបនេះបានបន្តទៀតថា ៖ «ពេលនេះ គឺក្រុមការងារស្រាវជ្រាវអ្នកដែលពាក់ព័ន្ធបឋម បានចំនួន ០៩ នាក់ ហើយអ្នកដែលបើកកាណូត ជាអ្នកដែលរស់នៅខេត្តសៀមរាប ទើបក្រុមការងាររាយការណ៍ជូនខាងខេត្តសៀមរាបធ្វើការហើយ ខណៈនៅទីនេះ យើងតាមដានស្រាវជ្រាវបន្តទៀត នូវអ្នកដែលពាក់ព័ន្ធនឹងអូមីក្រុង ហើយក្រុមការងារនឹងយកសំណាកទាំងយប់បន្តទៀត ដើម្បីបញ្ជាក់ថាមានប៉ះពាល់ ឬ មានវិជ្ជមានដោយប្រការណាមួយ»។

បន្ថែមលើសពីនេះ លោកបានបញ្ជាក់ទៀតថា ៖ «បន្ទាប់មក យើងអាចនឹងយកសំណាកនេះបញ្ជូនទៅវិទ្យាស្ថាប៉ាស្ទ័រ នៅពេលព្រឹកព្រលឹម ដើម្បីធ្វើការញែក ឱ្យដឹងថាវាជាប្រភេទអាល់ហ្វាធម្មតា ឬដែលតា ឬ អូមីក្រុង ដើម្បីតាមដាន និង ចាប់ឱ្យជាប់ការឆ្លងអូមីក្រុងនៅក្នុងសហគមន៍ ជាពិសេសនៅក្នុងខេត្តបាត់ដំបង»៕សូមទស្សនាវីដេអូនៅខាងក្រោម ៖