រុស្ស៊ី ដាក់ពង្រាយរថក្រោះធ្វើសមយុទ្ធយោធា នៅក្បែរព្រំដែនអ៊ុយក្រែន មុនបើកកិច្ចចរចាជាមួយ NATO

(ម៉ូស្គូ)៖ រុស្ស៊ី បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយដាក់ពង្រាយរថក្រោះ និងកងទ័ពរាប់ពាន់នាក់នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន ដែលនេះទំនងជាសារព្រមានមួយ នៅមុនជំនួបជាមួយអង្គការ NATO។

កងទ័ពរុស្ស៊ីជាង ៣,០០០នាក់ បានចូលរួមនៅក្នុងសមយុទ្ធបាញ់គ្រាប់ពិត នៅថ្ងៃអង្គារសប្ដាហ៍នេះ នៅឯតំបន់ចំនួន៤ ស្ថិតនៅភាគនិរតីនៃប្រទេស ក្បែរតំបន់ព្រំដែន អ៊ុយក្រែន។ ការធ្វើសមយុទ្ធយោធានេះត្រូវបានក្រុមមន្ត្រីអឺរ៉ុបសន្មត់ថារុស្ស៊ី មិនមានចេតនាពិតប្រាកដ ក្នុងការបន្ធូរបន្ថយភាពតានតឹងយោធា ក្នុងពេលបច្ចុប្បន្នទេ ខណៈរុស្ស៊ី និងអាមេរិកបានទាមទារ និងដាក់សំណើដែលមើលទៅមិនអាចទៅរួចលើគ្នាទៅវិញទៅមក ក្នុងនោះដូចជាស្នើរបស់រុស្ស៊ីឱ្យ NATO បញ្ឈប់ការបង្កើន វត្តមានយោធាក្នុងតំបន់អឺរ៉ុបជាដើម។

បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ស្ថានភាពសព្វថ្ងៃនឹងបង្ហាញកាន់តែច្បាស់ បន្ទាប់ពីជំនួបរវាងរុស្ស៊ី និងអង្គការ NATO ក្នុងទីក្រុងព្រុចសែល នៅថ្ងៃពុធនេះព្រមទាំងជំនួបជាមួយ អង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការអឺរ៉ុប (OSCE) ក្នុងទីក្រុងវីយ្យែន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕