កុងត្រាកាន់តែខ្លី! កីឡាករ Salah ផ្ទាល់ចេញមកអះអាងថាមិនបានទាមទារច្រើនខ្លាំងឡើយចំពោះកុងត្រាថ្មី

បរទេស៖ កីឡាករ Mohamed Salah នៅសប្តាហ៍នេះបានអះអាងថាកុងត្រាជាមួយនឹងក្លឹបហង្សក្រហម Liverpoolដែលខ្លួនបានទាមទារមិនមានកម្រិតច្រើនហួសហេតុនោះទេហើយផ្ទុយទៅវិញអ្វីៗគឺរងចាំតែការសម្រេចចិត្តរបស់ក្លឹបប៉ុណ្ណោះ។

រហូតមកដល់បច្ចុប្បន្នកីឡាករ Salah បានក្លាយទៅជាកីឡាករដ៏សំខាន់បំផុតរបស់ក្លឹបគិតចាប់តាំងតែពីពេលដែលគាត់បានផ្លាស់មកចូលរួមទីនេះក្នុងតម្លៃខ្លួន៣៧លានផោនកាលពីឆ្នាំ២០១៧ដោយជាលទ្ធផលអាចស៊ុតបញ្ចូលទីដល់ទៅ១៤៨គ្រាប់ក្នុងការបង្ហាញខ្លួនទាំង២២៩ដង។

ក្រៅតែពីនោះ Salah ក៏ជាអ្នកជួយឲ្យក្លឹបអាចលើកពានរង្វាន់ Champions League និងពានរង្វាន់អង់គ្លេស Premier Leagueដែលក្លឹបបានខកខានអស់រយៈពេលជាយូរមកហើយនោះផងប៉ុន្តែបែរជាមកជួបបញ្ហានឹងកុងត្រាដែលនៅសល់តែ១៨ខែចុងក្រោយនេះទៅវិញ៕