រដ្ឋាភិបាលថៃ ច្រានចោលពាក្យចចាមអារ៉ាមថាបន្ទប់ VIP ព្យាបាលកូវីដតែអ្នកមានលុយ

ស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសថៃ ហាក់តានតឹងជាខ្លាំង ដែលធ្វើឱ្យរដ្ឋាភិបាលថៃ ឈឺក្បាលស្វែងរកវិធីទប់ទល់ឱ្យបានទាន់ពេលវេលា ក្រោយមានអ្នកឆ្លងជិតម៉ឺននាក់ក្នុងមួយថ្ងៃ។

កន្លងមកនេះ រដ្ឋាភិបាលថៃបានប្រកាសរៀបចំគ្រែរួចជាស្រេចសម្រាប់ដាក់អ្នកជម្ងឺផងដែរ ក្នុងនោះមានទាំង គ្រែធម្មតា និង VIP ស្រាប់តែ លេចឮដំណឹងចចាមអារ៉ាមរិះគន់រដ្ឋាភិបាលថា មានភាពលំអៀងក្នុងការមើលថែអ្នកជំងឺ ដោយអ្នកមានលុយមានទ្រព្យគឺ ត្រូវបានបញ្ជូនទៅព្យាបាលនៅបន្ទប់ VIP។

យ៉ាងណាមិញ ក្រោយដំណឹងនេះ រីកសុសសាយ មន្ត្រីសុខាភិបាលថៃបានចេញសេចក្តីប្រកាសថ្លែងការតបវិញភ្លាមៗ ដោយច្រានចោលពាក្យចចាមអារ៉ាមទាំងនោះ ថាពុំមែនជាការពិតនោះទេ។ គ្រប់អ្នកជំងឺទាំងអស់គឺត្រូវព្យាបាល និង ថែទាំ នៅមណ្ឌលព្យាបាលដូចគ្នាអាស្រ័យតាមកម្រិត និង ប្រភេទនៃវីរុសឆ្លង ហើយក៏មិនមានការបែងចែកវណ្ណៈមានក្រ ឬ តម្រូវឱ្យបង់ប្រាក់ព្យាបាលដូចការលើកឡើងដែរ។

គួរបញ្ជាក់ឱ្យដឹងដែរថា ពាក្យចចាមអារ៉ាមនេះបានលើកឡើងថា នៅពេលដែលអ្នកឆ្លងកូវីដ អ្នកនឹងត្រូវសួរនាំដោយមានជម្រើសយកការព្យាបាលបែប VIP ដែលតម្រូវឱ្យបង់ថ្លៃ ១៥០០ បាត ក្នុងមួយយប់។ ដោយប្រភេទ VIP នឹងមានការព្យាបាលយកចិត្តទុកដាក់ មានគ្រែគេងត្រឹមត្រូវ មិនដូចកន្លែងរៀបចំដោយរដ្ឋាភិបាល ដែលគេងលើឥដ្ឋ ហើយសាលគ្មានបង្អួច និង បរិយាកាសអាប់អួរ៕
ប្រភព៖ The Thaigers